គុយលី អតីតកម្មករជិះតែទ្រុងឡាននៅថៃ ថ្ងៃនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បំពេញបំណងធំ

ជុំវិញ​ឧកញ៉ា

ថ្ងៃនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឱ្យកូនចៅរបស់ខ្លួន គឺលោក ខេង គុយលី ផ្ទុះការភ្ញាក់ផ្អើល និងរំភើបញាប់ញ័រស្ទើរហើបជើងផុតដីជាថ្មីម្ដងទៀត តាមរយៈការផ្ដល់កាដូលើកទឹកចិត្តដ៏ធំ គឺរថយន្តម៉ាក Ford Ranger Wildtrak ដ៏ថ្មីសន្លាងមួយគ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ដល់បទសម្ភាសន៍ដល់ Oknha News អតីតពលករពហុជំនាញចំណាកស្រុក ធ្វើការងាររសាត់អណ្ដែតនៅទឹកដីប្រទេសថៃរូបនេះ ថ្លែងទាំងក្ដុកក្ដួលអួលដើមកថា៖ “កាលពីខ្ញុំនៅធ្វើជាពលករគេនៅស្រុកថៃ ខ្ញុំមានសំណាងបានត្រឹមជិះនៅទ្រុងឡាន Pick Up របស់ថៅកែទៅធ្វើការកាត់ថ្ងៃ ហាលភ្លៀងទេបងអើយ…ពេលនោះធ្លាប់លួចស្រមៃដែរ ថាមិនដឹងពេលណា មានវាសនាមានឡានអ៊ីចឹងជិះទេ!? ”។  

តែពេលនេះ ក្ដីសុបិនរបស់ កូនអ្នកខេត្តពោធិ៍សាត់រូបនេះ បានលេចចេញជារូបរាងនៅចំពោះមុខពិតៗ។ ថ្ងៃនេះ ពេលនេះ គុយលី បានកាន់សោរ ក្លាយជាម្ចាស់រថយន្តម៉ាក Ford Ranger Wildtrak ស៊េរីថ្មីដ៏ទំនើបមួយគ្រឿង ដែលជាកាដូលើកទឹកចិត្តពី អ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ។

លទ្ធផលរបស់ អតីតពលករនៅស្រុកថៃ រូបនេះ មិនមែនកើតឡើងដោយភាពចៃដន្យ ឬការបន់ស្រន់នោះទេ ពោល គឺភាពស្មោះត្រង់ និងការតស៊ូប្រឹងប្រែងនេះហើយ ជាកូនសោរជីវិតរុញច្រានឱ្យគុយលី មានសំណាងមកដល់ពេលនេះ ក្រោយពេលបានជួបធ្វើការងារជាមួយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។  

លោក ខេង គុយលី បានថ្លែងពីអារម្មណ៍រំភើបរបស់ខ្លួនយ៉ាងដូច្នេះថា៖ “សមាជិកថ្មី អរគុណបងប្រុសអ្នកឧកញ៉ា ដែលធ្វើឲ្យប្អូនមានថ្ងៃនេះ អរគុណគ្រប់យ៉ាងបើគ្មានបងទេ ខ្ញុំគ្មានថ្ងៃនេះទេ ប្រហែលជារសាត់អណ្ដែតដល់ណាទេ។ ប្អូនសូមគោរពជូនពរបងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារមានសុភមង្គល និងសុខភាពល្អ”។

បច្ចុប្បន្ន លោក ខេង គុយលី គឺជាបុគ្គលិកបម្រើការងារទូទៅប្រចាំផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ក្រៅពីការងារស្នូលទាំងអស់នេះ កូនអ្នកខេត្តពោធិ៍សាត់រូបនេះ ក៏ជួយការងារចម្រុះ ជាមួយអ្នកឧកញ៉ាផងដែរ។

គួររំលឹកថា លោក ខេង គុយលី ធ្លាប់ជាអតីតពលករឆ្លងដែនទៅធ្វើការឱ្យគេនៅប្រទេសថៃ អំឡុងឆ្នាំ ២០១០ មុនមកជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងធ្វើការងារជាមួយគ្នា ក្នុងឆ្នាំ ២០១៧។ ការងារជាពលករនៅប្រទេសថៃ គុយលី ធ្លាប់កាន់កាប់ការងារចម្រុះ ដូចជា ធ្វើសំណង់ បុគ្គលិកនៅរីសត កាត់ស្មៅ និងការងារចុងក្រោយ ជាកម្មករចិញ្ចឹមបង្កងឱ្យគេ។  

តាមរយៈកិច្ចសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយនាពេលកន្លងទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានបញ្ជាក់ថា មូលហេតុដែលអ្នកឧកញ៉ាសម្រេចចិត្តយក គុយលី មកធ្វើការជាមួយ ព្រោះតែ គុយលី គឺជា​ពលករម្នាក់​ដែល​​គួរឱ្យអាណិត ហើយក៏មនុស្ស​ដែល​គួរ​តែ​ត្រូវបានជួយជ្រុមជ្រែង ពិសេស ​គឺ​ភាព​ស្មោះត្រង់ របស់គាត់តែម្ដង ៕