ឧកញ៉ា សំ សុខនឿន៖ ភ្នាក់ងារអចលនទ្រព្យត្រូវយល់ដឹងកក្តា ៥ ចំណុចនេះបើចង់ជោគជ័យលក់អចលនទ្រព្យមួយដាច់

ជុំវិញ​ឧកញ៉ា
362 Shares

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កំពុងឈានទៅមុខឥតឈប់ឈរ។ កំណើនទាំងអស់នេះបានរុញច្រាន ធ្វើឱ្យការផ្គត់ផ្គង់លំនៅដ្ឋានមានតម្រូវការច្រើន ស្របពេលជាមួយគ្នានេះ ជំនាញភ្នាក់ងារអចលនទ្រព្យ គេក៏មិនអាចមើលរំលងបានឡើយ ដែលជាជំនាញមួយកំពុងមានការចាប់អារម្មណ៍ ដោយហេតុតែជំនាញនេះជាជំនាញអាចធ្វើឲ្យរកចំណូលបានច្រើន ប្រែក្លាយជាឧកញ៉ា អ្នកឧកញ៉ាច្រើនរូបរួចមកហើយ។

បើតាមអគ្គនាយក Sam Sn Realty Co. Ltd និងជាប្រធានសមាគមអចលនទ្រព្យសកល ឧកញ៉ា សំ សុខនឿន បានគូសបញ្ជាក់ថា ទោះជាយ៉ាងណាក្តី មានភ្នាក់ងារជាច្រើនលក់មិនទាន់ដាច់ ឬលក់មិនសូវដាច់ រាល់អចលនទ្រព្យរបស់ខ្លួនដែលកំពុងលក់ឡើយ។

អ្នកជំនាញរូបនេះ បានអះអាងនៅក្នុងកិច្ចសម្ភាសន៍ជាសារព័ត៌មានក្នុងស្រុកមួយកាលកន្លងទៅថា ក្នុងនាមភ្នាក់ងារលក់ ជាលទ្ធផលយើងត្រូវតែមានគោលការណ៍ និងយល់ដឹងច្រើនពីវិស័យអចលនទ្រព្យ ដូច្នេះលោកមានកត្តាចំនួន ៥ មកបង្ហាញដើម្បីផ្តល់ការចែករំលែកនៃការលក់ដ៏ជោគជ័យ ដូចខាងក្រោម៖

១) ត្រូវជ្រើសរើសលក់អចលនទ្រព្យណាដែលស្របច្បាប់ មានឯកសារភាពជាម្ចាស់គ្រប់ត្រឹមត្រូវ។
២) ត្រូវដឹងអំពីតម្លៃទីផ្សាររបស់អចលនទ្រព្យនៅតំបន់ដែលយើងកំពុងលក់ឲ្យបានច្បាស់។
៣) លក់អចលនទ្រព្យណាដែលម្ចាស់ចង់លក់ពិតប្រាកដ ដែលមានតម្លៃគួរឲ្យចាប់អារម្មណ៍ ហើយដែលអាចឲ្យអ្នកទិញចំណេញបាននៅពេលខាងមុខ។
៤) ភ្នាក់ងារត្រូវមានជំនាញព្យាករណ៍តម្លៃអចលនទ្រព្យនាពេលអនាគត សម្រាប់អ្នកទិញដើម្បីងាយស្រួលក្នុងការគិតអំពីផែនការវិនិយោគ។

៥) ភ្នាក់ងារត្រូវចេះគណនាឲ្យអ្នកទិញបានច្បាស់លាស់នូវផលចំណេញ ប្រសិនបើអ្នកទិញ ពួកគាត់ទិញយកទៅធ្វើអ្វីមួយ។ ប្រធានសមាគមអចលនទ្រព្យសកល បានលើកឧទាហរណ៍ថា ប្រសិនបើដីមួយទំហំ២ហិតា ហើយតម្លៃទីផ្សារគឺ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តែអ្នកលក់លក់ត្រឹមតែតម្លៃ ១៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នោះមិនប្រាកដថាអ្នកទិញនឹងទិញនោះទេ ព្រោះអ្នកទិញមិនអាចយកទៅធ្វើអ្វីមួយបានចំណេញនោះទេក្នុងតម្លៃ ១៥០ដុល្លារ នេះ។

លោកឧកញ៉ាបន្ថែមថា ប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពកំពុងអភិវឌ្ឍ និងត្រូវបានកំពុងមានសន្ទុះអភិវឌ្ឍយ៉ាងលឿន ដូច្នេះដរាបណាមានការអភិវឌ្ឍរីកចំរេីនយ៉ាងឆាប់រហ័សបែបនេះ នោះដីធ្លីជាប់ទន្លេរ ដីជាប់បឹង ដីជាប់សមុទ្រ ដីភ្នំ ដីកោះជាប់ទន្លេរឬជាប់សមុទ្រ ដីជាប់ព្រែក គឺជាដីកម្រ ហេីយនឹងកាន់តែមានតម្រូវការខ្ពស់ឡេីងៗនាពេលអនាគត។ 

គួររម្លឹកថា បើទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យដែលរងគ្រោះបង្ករដោយវិបត្តិមេរោគរាតត្បាតសកលកូវីដ-១៩ យ៉ាងណាក៏ដោយ តែក្រុមអ្នកជំនាញអចលនទ្រព្យ មានសុទិដ្ឋិនិយមថា កំណើននៃវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍន៍ ខុនដូ និងបុរី ក្រោយបិទបញ្ចប់ ខណៈគិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ ដល់ពលរដ្ឋ និងជនរបទេសកំពុងរស់នៅកម្ពុជា មាន ៩៩,១៨%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់៕

ឧកញ៉ា សំ សុខនឿន៖ ភ្នាក់ងារអចលនទ្រព្យត្រូវយល់ដឹងកក្តា ៥ ចំណុចនេះបើចង់ជោគជ័យលក់អចលនទ្រព្យមួយដាច់
362 Shares