ទីផ្សាររថយន្តអគ្គិសនី ហាក់មានសញ្ញាវិជ្ជមាន បើទោះបីការលក់រថយន្តសរុបរបស់ចិនធ្លាក់ចុះជិត ២០%

អន្តរជាតិ
162 Shares

យោងតាមទិន្នន័យចុងក្រោយមួយ បានបង្ហាញកាលពីថ្ងៃអង្គារថា ការលក់រថយន្តនៅក្នុងប្រទេសចិនបានធ្លាក់ចុះប្រមាណ ១៩,៦% គិតត្រឹមតែកញ្ញា នៅឆ្នាំនេះ ដែលវាគឺជាការធ្លាក់ចុះរយ:ពេល ៥ ខែជាប់ៗគ្នា ដោយសារកង្វះខាតឧបករណ៍អេឡិចត្រូនិកជាសកល ដែលនាំឲ្យមានការអូសបន្លាយរយ:ពេលនៃផលិតកម្ម ។

មិនតែប៉ុណ្ណោះ ទិន្នន័យពីសមាគមរោងចក្រផលិតរថយន្តរបស់ចិន (CAAM) បានបង្ហាញឲ្យដឹងថា ការលក់រថយន្តរបស់ខ្លួន នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក មានចំនួនសរុប ២,០៧ លានគ្រឿង នៅក្នុងខែកញ្ញា ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ការលក់រថយន្តដើរដោយថាមពលអគ្គិសនីវិញ បានកើនឡើងទ្វេដង នៅក្នុងខែកញ្ញា ពោលគឺលក់ចេញបានរហូតដល់ ៣៥៧ ០០០ គ្រឿង ដោយសារតែរដ្ឋាភិបាលរបស់ប្រទេសចិន បានលើកកម្ពស់ឲ្យប្រើប្រាស់យានយន្តដើរដោយថាមពលបៃតង ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Tesla Inc ដែលកំពុងផលិតរថយន្ត Model 3 និង Model Y នៅទីក្រុងសៀងហៃ បានលក់ចេញរថយន្តរបស់ខ្លួន ទៅក្នុងប្រទេសចិន បានចំនួន ៥៦,០០៦ គ្រឿង នៅក្នុងខែកញ្ញា ដែលជាចំនួនលក់ខ្ពស់បំផុត ចាប់តាំងពីក្រុមហ៊ុនយក្សអាមេរិកមួយនេះ ចាប់ផ្តើមដំណើរការផលិតរថយន្តរបស់ខ្លួន នៅចិន ប្រហែល​ ២ ឆ្នាំមុន ដែលវាបានកើនឡើងប្រមាណ ២៧% ពីចំនួន ៤៤,២៦៤ នៅក្នុងខែសីហា ។

បន្ថែមពីនេះ លោក Chen Shihua ដែលជាមន្រ្តីជាន់ខ្ពស់របស់ CAAM បាននិយាយថាកង្វះការផ្គត់ផ្គង់បន្ទះឈីបបានថយចុះនៅក្នុងប្រទេសចិនកាលពីខែមុន ហើយឥឡូវនេះស្ថាប័នឧស្សាហកម្មផលិតរថយន្ត រំពឹងថាការផ្គត់ផ្គង់នឹងមានភាពល្អប្រសើរឡើងវិញ ក្នុងរយៈពេលបីខែចុងក្រោយក្នុងឆ្នាំនេះ ខណ:ចំនួនលក់ក៏រំពឹងនឹងកើនឡើងផងដែរ ៕

ប្រភព: Kelo

ទីផ្សាររថយន្តអគ្គិសនី ហាក់មានសញ្ញាវិជ្ជមាន បើទោះបីការលក់រថយន្តសរុបរបស់ចិនធ្លាក់ចុះជិត ២០%
162 Shares