ភៀស​ខ្លួនពី​សង្រ្គាម​ ស្រ្តី​ខ្មែរ​តស៊ូ​ក្លាយ​ជា​វេជ្ជបណ្ឌិតនៅអាមេរិក​ រហូត​សារព័ត៌មាន​ធំៗ​យក​ទៅ​ចុះផ្សាយ​

សង្គម​និង​សេដ្ឋកិច្ច

​វេជ្ជបណ្ឌិត SreyRam Kuy គឺ​មាន​ដើម​កំណើត​ជា​ជនជាតិ​ខ្មែរ តែ​បាន​ធ្វើ​ការ​ភៀសខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក អំឡុង​សម័យ​របប​ខ្មែរក្រហម ហើយ​ក៏​បាន​ចាប់ផ្ដើម​កសាង​ជីវិត​ថ្មី​នៅ​ទឹកដី​លោក​ខាងលិច​ជាមួយ​គ្រួសារ​ រហូត​សម្រេច​ក្ដី​ស្រមៃ​ក្លាយជា​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​មួយ​រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បក​ទៅ​មើល​ពី​អតីតកាល​បន្តិច Dr. Kuy គឺ​មាន​ទំនោរ​ស្រលាញ់​ចូលចិត្ត​វិស័យ​វេជ្ជសាស្ត្រ​តាំង​ពី​ក្មេង​ម៉្លេះ តែ​ដោយសារ​កើត​មក​ក្នុង​របប​ប្រល័យពូជសាសន៍​លោកស្រី មិន​ដែល​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​ទេពកោសល្យ​ខ្លួន​ឡើយ។

មូលហេតុ​នៅ​ពីក្រោយ​ការ​ស្រឡាញ់​ចូលចិត្ត​នេះ​ផងដែរ គឺ​លោកស្រី​បាន​អះអាង​ថា ដោយសារ​គ្រួសារ​លោកស្រី​ធ្លាប់​នៅ​ជំរំ​នៅ​ប្រទេស​ថៃ ហើយ​ម្ដាយ​និង​បងស្រី​មាន​របួស​ដោយសារ​ការ​គប់​គ្រាប់បែក​ពី​ខាង​ទាហាន​ ទើប​តម្រូវ​ឲ្យ​ម្ដាយ​លោកស្រី​ទទួល​បាន​ការ​វះកាត់​ពី​អង្គការ​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម ដែល​វា​បាន​បញ្ឆេះ​គំនិត​ក្មេងស្រី​តូច​ច្រមក់​ម្នាក់​នា​ពេលនោះ​ឲ្យ​មាន​ក្ដី​ស្រមៃ​ក្លាយជា​វេជ្ជបណ្ឌិត​វះកាត់​។

នៅ​ក្នុង​ឆ្នាំ ១៩៨១ លោកស្រី​ និង​គ្រួសារ​បាន​ធ្វើការ​ផ្លាស់​ទី​លំនៅ​ពី​ជំរំ​នៅ​ប្រទេស​ថៃ​ ទៅកាន់​ប្រទេស​ហ្វីលីពីន ហើយ​ក៏​បាន​ផ្លាស់​មក​ដល់​តំបន់ Corvallis តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ពី​មូលនិធិ​សាសនាគ្រឹស្ត​ និង​បាន​ចាប់​យក​ទីតាំង​នេះ​ជា​លំនៅឋាន​ជាក់លាក់​មួយ​។

​ជីវិត​នៅ​លើ​ទឹកដី​ថ្មី​ពិតជា​មិនស្រួល​ឡើយ បើ​ទោះ​ជា Kuy និង​បងស្រី SreyReath រៀន​ឆាប់​ចេះ​មែន តែ​ឪពុកម្ដាយ​ពួកគេ​មិនទាន់​អាច​រក​ការងារ​បាន​ជាក់លាក់​មួយ​ឡើយ​នាពេលនោះ ដោយ​មុន​សម័យ​ខ្មែរក្រហម ឪពុក​លោកស្រី​ជា​មន្ត្រីរាជការ ខណៈ​ម្ដាយ​ជា​គ្រូបង្រៀន។

តែ​ពេល​មកដល់​ទឹកដី​សហរដ្ឋអាមេរិក ឪពុក​របស់​លោកស្រី​ទទួល​បាន​ការងារ​ជា​អ្នក​បោសសំអាត​នៅ OSU ស្របពេល​ម្ដាយ​គឺ​ជា​ស្ត្រីមេផ្ទះ​បម្រើការ​នៅ​មណ្ឌល​ថែទាំ​សុខភាព។

ដោយសារ​សមត្ថភាព​ដ៏​ពូកែ​​នៅ​វិទ្យាល័យ Crescent Valley High School លោកស្រី​ធ្លាប់​ទទួល​បាន​ឱកាស​កម្រ​គឺ លិខិត​អនុញ្ញាត​ឲ្យ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​កំពូល Harvard តែ​ជា​អកុសល​គ្រា​នោះ​លោកស្រី​បាន​បាត់បង់​ឪពុក​ដោយ​រោគ​កាច​សាហាវ​មហារីក​ក្រពះ ដែល​ធ្វើ​ឲ្យ​លោកស្រី​គិតថា​មិន​ចង់​ចាកចេញ​ឆ្ងាយ​ពី​គ្រួសារ។ ហើយ​ការ​សម្រេច​ចិត្ត​មួយ​នេះ​ផង​ដែរ ជា​ចំណុច​ចាប់ផ្ដើម​នៃ​ភាព​ជោគជ័យ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​របស់​លោកស្រី Kuy។

ដោយសារ​បោះបង់​ឱកាស​ចូលរៀន​នៅ Harvard ដូច្នេះ Kuy សម្រេច​ចិត្ត​ចូលរៀន​នៅ OSU វិញ ដោយ​ចាប់​ជំនាញ​ផ្នែក​មីក្រូ​ជីវវិទ្យា​និង​ទស្សន​វិជ្ជា។ Kuy បាន​អះអាង​ថា ស្របពេល​មុខវិជ្ជា​មីក្រូ​ជីវវិទ្យា​អាច​ជួយ​លោកស្រី​យល់ច្បាស់​ពី​បញ្ហាសុខភាព និង​ជំងឺ​ផ្សេងៗ ហើយ​ជាមួយ​គ្នា​នោះ​ការ​សិក្សា​ទស្សនវិជ្ជា​ក៏​បាន​ជួយ​ឲ្យ​អ្នកស្រី​អាច​គិត​បាន​ស៊ី​ជម្រៅ​ទៅ​លើ​បញ្ហា​គោលនយោបាយ​សុខភាព និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។

ស្ថិត​នៅ​ឆ្នាំ​ចុងក្រោយ Kuy បាន​សម្រេច​ចិត្ត​ទៅ​ធ្វើការ​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅ​ទីក្រុង Washington, D.C នៅ​ឯ​ការិយាល័យ​ព្រឹទ្ធសភា​អាមេរិក​សម្រាប់​លោក Tom Harkin ដែល​ជា​ប្រធាន​ស្ថាបត្យករ​នៃ​ច្បាប់​ជន​ពិការ​អាមេរិក​ឆ្នាំ ១៩៩០។

​គ្រា​នោះ​ហើយ​ដែល Kuy ចាប់​ផ្ដើម​ត្រួសត្រាយ​ផ្លូវ​មក​កាន់​អាជីព​បច្ចុប្បន្ន​របស់​អ្នកស្រី​សម្រាប់​គោល​នយោបាយ​សុខភាព​ ជាមួយ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សុខភាព​ស្ត្រី និង​ការ​តស៊ូមតិ​អនុម័ត​ច្បាប់​ការពារ និង​ព្យាបាល​ជំងឺ​មហារីក​សុដន់ និង​មាត់ស្បូន។

ក្រោយ​មក​អ្នកស្រី និង​បងស្រី​បាន​ចាប់ផ្ដើម​សរសេរ​សៀវភៅ​រៀបរាប់​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​បាន​ហែល​ឆ្លង​សម័យ​ប្រល័យពូជសាសន៍​កាច​សាហាវ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា The Heart of a Tiger។

ក្រៅពី​នោះ Kuy ក៏​ធ្លាប់​ចុះផ្សាយ​អត្ថបទ​ជាច្រើន​នៅ​លើ​សារព័ត៌មាន​ល្បីៗ​ដូចជា Huffington Post, Los Angeles Times និង the Washington Post ជាដើម ដែល​ភាគច្រើន​ស្ដី​ពី​បទពិសោធន៍​ទាក់ទង​នឹង​ជីវិត​រស់នៅ​ជា​ជនភៀសខ្លួន និង​ការ​តស៊ូ​ក្នុងនាម​ជា​ស្ត្រី​ភៀសខ្លួន​ជនជាតិ​ខ្មែរ​តំបូង​បង្អស់​ដែល​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​នៅ​សហរដ្ឋអាមេរិក។

បើ​និយាយ​ពី​ពានរង្វាន់​ដែល​អ្នកស្រី​ទទួល​បាន​វិញ គឺ​ច្រើន​ស្ទើរ​រាប់​មិនអស់ ទាក់ទង​នឹង​វិស័យ​ការងារ​របស់​លោកស្រី ដូចជា​ធ្លាប់​ទទួល​បានពាន​រង្វាន់​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដោយ​អតីត​ប្រធានាធិបតី President George H.W. Bush’s Daily Points of Light Award ជាដើម៕

ប្រភព: បរទេស