​ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ីប កាន់កាប់​ប្រទេស​ជិត ៩ ឆ្នាំ​ មាន​ទ្រព្យ​មិន​ដល់​ ៣០ ម៉ឺន​អឺរ៉ូ​ផង

អន្តរជាតិ
252 Shares

​ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ីប Nicos Anastasiades គឺ​ជា​អ្នក​នយោបាយ​ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ស៊ីប តាំងពី​ឆ្នាំ ២០១៣ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​។

លោក Nicos បាន​បញ្ចប់​ថ្នាក់​សិក្សា​បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ National and Kapodistrian University of Athens និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​ដឹក​ជញ្ជូន​​នៅ​សាកល​វិទ្យាល័យ university College London។

បុរស​វ័យ ៧៥ ឆ្នាំ​បាន​ជាប់ឈ្មោះ​នៅ​ក្នុង​សមាជជាតិ​នៃ​សាធារណរដ្ឋ​ស៊ីប​នៅឆ្នាំ ១៩៨១ និង​បាន​ក្លាយ​ជា​ប្រធាន​នៃ​គណបក្ស​របស់​លោក​ពី​ឆ្នាំ ១៩៩៧ ដល់ ២០១៣។ នៅខែ​មីនា ២០១២ Nicos Anastasiades បាន​ក្លាយជា​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​រើស​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៣។

ជាលទ្ធផល នៅ​ថ្ងៃទី ១៧ ​កុម្ភៈ ២០១៣ លោក Nicos បាន​ក្លាយជា​ប្រធានាធិបតី​ពេញលេញ និង​បាន​គ្រប់គ្រង​ប្រទេស​ក្រោម​របប​ប្រជាធិបតេយ្យ​បែប​ប្រមូល​ផ្ដុំ​ពី​ពេលនោះ រហូត​ដល់​ទល់​នឹង​ពេល​បច្ចុប្បន្ន ពោល​ប្រមាណ​ជិត ៩ ឆ្នាំ​ហើយ។

ថ្វី​គ្រប់គ្រង​ប្រទេស​អស់រយៈកាល​យូរ​គួរសម​មែន តែ​លោក Nicos ក៏​ទទួល​បាន​ការ​រិះគន់​ច្រើន​ផងដែរ ជាពិសេស​គឺ​ទាក់ទង​នឹង​ការ​ឆ្លងដែន​តែម្ដង។ នៅ​ឆ្នាំ ២០០១ បងប្រុស​បង្កើត​របស់​លោក​ត្រូវបាន​ផ្ដន្ទាទោស​ជាប់​ពន្ធាគារ​រយៈពេល ១៨ ខែ ពី​បទ​ក្លែងបន្លំ​លិខិត​ឆ្លងដែន​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ខុសច្បាប់​។

នៅ​ឆ្នាំ ២០១៩ ​គ្រួសារ​របស់​ប្រធានាធិបតី​រូបនេះ​ត្រូវបាន​ចោទ​ប្រកាន់​ថា មាន​ការ​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី Golden Visa ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើការ​បណ្ដាក់ទុន និង​អាច​ទទួល​បាន​លិខិត​ឆ្លងដែន​ទី ២ ខណៈ​ក្រុម​បក្ស​ប្រឆាំង​អះអាងថា ការធ្វើ​បែបនេះ​គឺ​ងាយស្រួល​សម្រាប់​ការ​លាងលុយ​របស់​ជនបរទេស ស្របពេល Jho Low ដែល​គេ​ស្គាល់​ថា​ជា​ ជន​បោកប្រាស់​នៅ​ម៉ាឡេស៊ី​ក៏​ទទួល​បាន​សញ្ជាតិ​ស៊ីប​ផង​នោះ ទើបធ្វើ​ឲ្យ​ប្រធានាធិបតី​រូប​នេះ​កាន់តែ​ស្មុគស្មាញ​ទៅ​នឹង​បញ្ហាខាងលើ។

យ៉ាងណា បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី CyprusMail បាន​ឲ្យដឹង​ថា ទំហំ​ទ្រព្យ​សម្បត្តិ​របស់​បុរស​វ័យ ៧៥ ឆ្នាំ គឺ​មាន​មិន​ដល់ ៣០ ម៉ឺន​អឺរ៉ូ​ផង ពោល​ត្រឹម ២៦៦ ០០០ អឺរ៉ូ​ប៉ុណ្ណោះ ខណៈ​ចំនួន​នេះ​គឺ​ច្រើនជាង​កាល​ឆ្នាំ ២០១៨ ​ត្រឹម​ជាង ៥ ម៉ឺន​អឺរ៉ូ​ទេ។

ប្រធានាធិបតី​រូប​នេះ​បាន​អះអាង​ថា អចលនវត្ថុ​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​លោក​គឺ​មាន​ដូចជា ដី​ប៉ុន្មាន​កន្លែង និង​អគារ ២ ខ្នង​ដែល​បាន​ទិញ​នៅ​ទសវត្ស​ឆ្នាំ ១៩៨០ ដែល​ចាយ​ ៦៦ ០០០ អឺរ៉ូ ជាមួយ​ឡាន​តម្លៃ ៨៥ ០០០ អឺរ៉ូ។

ការ​ទិញ​អគារ ២ ខ្នង​នោះ​ទៀត​គឺ កម្ចី​ពី​ធនាគារ​ទេ តែ​លោក​បាន​សង​បំណុល​ធនាគារ​រួច​អស់​ហើយ ដោយ​បច្ចុប្បន្ន​ប្រាក់​តម្កល់​នៅ​ធនាគារ​របស់​លោក​នា​ពេលនេះ​គឺ​មាន​ប្រមាណ ១១៥ ០០០ អឺរ៉ូ៕

ប្រភព: cyprus-mail

​ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ីប កាន់កាប់​ប្រទេស​ជិត ៩ ឆ្នាំ​ មាន​ទ្រព្យ​មិន​ដល់​ ៣០ ម៉ឺន​អឺរ៉ូ​ផង
252 Shares