មកដឹងពីតម្លៃ​ផ្លាក​លេខពិសេស ឧកញ៉ានិងអ្នកមានទ្រព្យក្នុងស្រុកខ្មែរ ​ទិញ​បំពាក់​លើ​រថយន្ត​ព្រោងព្រាត

សង្គម​និង​សេដ្ឋកិច្ច

តាំងពីក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​​បើក​លក់លេខពិសេស និង​ពិសេស​ផ្ទាល់ខ្លួន ឃើញអ្នក​មានៗ​ ឬឧកញ៉ាមួយចំនួនបាន​ចំណាយ​លុយ​ទិញយកទៅបំពាក់ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន​យ៉ាងព្រោងព្រាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើប្រភេទលេខចុះបញ្ជី ដែលផ្នែកខាងលើមានសរសេរអក្សរខ្មែរ “ កម្ពុជា ” ផ្នែកកណ្ដាល លេខចុះបញ្ជីមានលេខ ឬ/និង អក្សរឡាតាំងមិនលើសពី ៨ខ្ទង់ និងផ្នែក ខាងក្រោមសរសេរអក្សរឡាតាំង “CAMBODIA” នៅពីក្រោមបន្ទាត់ផ្ដេក។

លេខនេះអាចអនុញ្ញាត ឲ្យប្រើប្រាស់បានមួយជីវីត ជាមួយនឹងការរក្សាលេខទុក សម្រាប់ការចុះបញ្ជីជាមួយយានយន្ដរបស់ខ្លួនក្រោយៗទៀត។ លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខជាដើម ដែលអាចប្រើបានត្រឹមតែ៨ខ្ទង់។

ចំនួនខ្ទង់កាន់តែច្រើនតម្លៃកាន់តែធូរថ្លៃ។ តម្លៃផ្លាកលេខពិសេសមានតម្លៃចាប់ពី ២លានរៀល ដល់ ១ពាន់លានរៀល គិតជាដុល្លាចាប់ពី ៥០០ដុល្លាដល់ ២៥ម៉ឺនដុល្លាអាមេរិក។ ចំណែកឯពី១ខ្ទង់ ទៅ ៣ខ្ទង់នឹងត្រូវដាក់ដេញថ្លៃ។ ការកំណត់តម្លៃលក់ផ្លាកលេខពិសេស និងការដាក់ឲ្យដេញថ្លៃជាសាធារណៈ ត្រូវផ្អែកលើលក្ខខណ្ឌដូចខាងក្រោម៖ 

-ចំនួនខ្ទង់កាន់តែតិច តម្លៃកាន់តែខ្ពស់

-ពាក្យពេចន៍នៅក្នុងវចនានុក្រមអង់គ្លេស

-លេខ 168 ឬ អក្សរដូចគ្នា

-លេខ ឬ អក្សររៀងជាប់គ្នាតាមលំដាប់ឡើង

-លេខ ឬ អក្សរ រៀងជាប់គ្នាតាមលំដាប់ចុះ

-លេខ ឬ អក្សរមានលក្ខណៈឆ្លុះ

ជាក់ស្ដែងតម្លៃ ១.០០០លានរៀល គឺជាតម្លៃថ្លៃបំផុតដែលកំណត់ដោយប្រព័ន្ធហើយភាគច្រើនជាលេខមានអក្សរតិច  ដូចជាៈ តួអក្សរមួយខ្ទង់ជាដើម ដែលមានជម្រើសមិនច្រើនប៉ុន្មានទេ។ នេះបង្ហាញឲ្យឃើងពីជម្រើសសំបូរបែបបសម្រាប់ប្រជាពលរដ្ឋក្នុងការទិញលេខពិសេសតាមលទ្ធភាព ដើម្បីបំពាក់លើយានយន្ដរបស់ខ្លួន។

លក្ខណៈសម្បត្តិផ្សេងទៀតរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែក ខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមានQR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។

គួរកត់សម្គាល់ផងដែរថា ការដាក់ឱ្យដំណើរការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ក្នុងគោលបំណងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមាន លក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត។ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអះអាងថា គ្រាន់តែការលក់ស្លាកលេខពិសេស និង ស្លាកលេខពិសេសផ្ទាល់ខ្លួន ក្រសួងរកចំណូលបានដល់ទៅប្រមាណ ៦០លានដុល្លារអាមេរិកឯណោះគិត​ត្រឹម​ចុងខែកញ្ញាឆ្នាំ២០២១។