ក្រសួងមហាផ្ទៃកំពុងរៀបចំមេធាវីឲ្យរដ្ឋបាលខេត្ត សម្រាប់ជួយពលរដ្ឋដែលអត់មានទឹកប្រាក់ជួលមេធាវី

សង្គម​និង​សេដ្ឋកិច្ច
162 Shares

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពត នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងរៀបចំមេធាវីឲ្យរដ្ឋបាលខេត្ត សម្រាប់ប្រជាពលរដ្ឋអ្នកអត់មានធនធានថវិកាជួលមេធាវី​ ប៉ុន្តែមិនទាន់បានដំណើរការនៅឡើយទេ។

សម្តេចក្រឡាហោម បន្ត​ថា នេះគឺជាមុខងាររបស់យើង ដើម្បីប្រមូលព័ត៌មានមតិយោបល់របស់ប្រជាពលរដ្ឋឲ្យបានច្រើន។ លោកថា​ យើងត្រូវបំផុសគាត់ឲ្យមានមតិ ព្រោះបើគាត់មិនហ៊ានបញ្ចេញមតិទេ រឿងវាចេះតែគរ ហើយមិនដឹងពេលណាដោះស្រាយបាន។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានស្នើឲ្យអភិបាលខេត្តទូទាំងប្រទេសពិនិត្យមើល និងដកស្រង់បទពិសោធន៍របស់លោក ម៉ៅ ធនិន ដែលផ្តួចផ្តើមធ្វើសមាជដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខាងក្រៅតុលាការ ដោយទទួលបានផ្លែផ្កែ និងជោគជ័យនៅក្នុងការដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់នាពេលកន្លងមក។

បន្ថែមលើនេះសម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ក៏បានរំលឹកអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលថា ការឆ្លុះកញ្ចក់មានន័យថា យើងស្តាប់មតិរបស់ប្រជាពលរដ្ឋ និងមន្រ្តីនៅជុំវិញខ្លួននឹងហើយជាកញ្ចក់ ដើម្បីយកមកងួតទឹកដុសក្អែរខ្លួនឯង៕

ក្រសួងមហាផ្ទៃកំពុងរៀបចំមេធាវីឲ្យរដ្ឋបាលខេត្ត  សម្រាប់ជួយពលរដ្ឋដែលអត់មានទឹកប្រាក់ជួលមេធាវី
162 Shares