អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ចង់មានសុខភាពល្អ មិនសូវឈឺ ត្រូវធ្វើរឿងមិនអស់លុយទាំង ៣នេះឱ្យបាន

ជុំវិញ​ឧកញ៉ា
2.5K Shares

“សុខភាពគឺជារឿងសំខាន់បំផុតក្នុងជីវិតមនុស្ស។ បើសុខភាពយើងមិនល្អ អ្វីៗក៏មិនល្អ រស់នៅគ្មានសុភមង្គលទាំងផ្លូវកាយនិងផ្លូវចិត្ត”។ នេះជាការចង្អុលបង្ហាញ និងសង្កត់ធ្ងន់ជាថ្មី ពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ឯ.ក (Mengly J. Quach Education Plc.) ។

វេជ្ជបណ្ឌិតជំនាញ និងជាអ្នកដែលតែងតែចែករំលែកពីគន្លឹះសុខភាពទូទៅដល់មហាជន ដដែលរូបនេះ បន្ថែមទៀតថា មានកត្តាសំខាន់ ៣យ៉ាង ដែលធ្វើឱ្យយើងមានសុខភាពល្អ ជីវិតស្រស់ថ្លា នោះគឺ៖

ទី១ គេងលក់ឱ្យស្ងប់និងស្កប់ស្កល់

ដើម្បីគេងលក់ស្ងប់និងស្កប់ស្កល់ គឺត្រូវចូលគេងឱ្យបានមុនម៉ោង១០យប់ ព្រោះបើចូលគេងយឺតម៉ោងនឹងគេងមិនងាយលក់។ ពិសាទឹកដោះគោស្រស់១កែវមុនពេលចូលគេ កុំញ៉ាំទឹកពេលយប់ព្រោះធ្វើឱ្យយើងចូលបន្ទប់ទឹកញឹករំខានដំណេក។ល។ បើគេងលក់ស្ងប់និងស្កប់ស្កល់ហើយ អាហ្នឹងគេហៅថា បានសុខភាពល្អមួយភាគបីក្នុងជីវិត។

ទី២ ញ៉ាំឱ្យបានសុខភាពល្អ

ញ៉ាំឱ្យបានត្រឹមត្រូវតាមក្បូនពេទ្យនិងតម្រូវការរាងកាយ ដោយមានអាហារបួនក្រុមច្បាស់លាស់។ អាហារបួនក្រុមនោះមានដូចជា ក្រុមអាហារដែលមានជាតិប្រូតេអ៊ីន (ត្រី មាន់ ទា …) ក្រុមអាហារប្រភេទបន្លែផ្លែឈើ (ផ្លែប៉ោម ចែក សាលាដ …) ក្រុមអាហារមានផ្ទុកជាតិ Carbohydrates (បាយ ពោត នំប៉័ង …) និងក្រុមអាហារជំនួយឆ្អឹង (ទឹកដោះគោ យ៉ូហ្គឺត(Yogurt) ឈីស…)។ បើយើងញ៉ាំត្រឹមត្រូវ យើងបានសុខភាពល្អមួយភាគបីទៀតហើយ។

ទី៣ ការហាត់ប្រាណ

បើយើងបានហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យ ហើយសមស្របនឹងរាងកាយយើង នោះជីវិតយើងនឹងទទួលបានសុខភាពល្អ រាងកាយរឹងមាំ។ យើងត្រូវចាំថា បើហាត់ប្រាណលើសកម្រិតក៏មានបញ្ហាសុខភាពដែរ ហើយបើពុំហាត់ប្រាណសោះក៏មានបញ្ហាសុខភាពដូចគ្នា។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត បញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក រូបនេះបញ្ជាក់បន្ថែមថា បើយើងអាចធ្វើបាននូវចំណុចទាំងបីខាងលើនេះ នោះយើងនឹងមានជីវិតរស់នៅប្រកបដោយសុខភាពល្អ ពុំសូវឈឺថ្កាត់ច្រើន៕

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ចង់មានសុខភាពល្អ មិនសូវឈឺ ត្រូវធ្វើរឿងមិនអស់លុយទាំង ៣នេះឱ្យបាន
2.5K Shares