រយៈពេល៤ថ្ងៃ ភ្ញៀវទេសចរ​ជាច្រើនបានមកទស្សនារមណីយដ្ឋានអង្គរ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក​អំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មាន​ភ្ញៀវទេសចរមកទស្សនារមណីយដ្ឋាន​អង្គរយ៉ាង​ច្រើន​កុះករ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅ​តែបងប្អូនជាភ្ញៀវជាតិអញ្ជើញមកចូលរួមទស្សនាព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក នៅក្នុងទីរួមខេត្តសៀមរាបដូចរាល់ឆ្នាំ នៅ​ឯរមណីយដ្ឋាន​អង្គរ អាជ្ញាធរជាតិ​អប្សរា​ក៏បានរៀបចំពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ស្រប​នឹងការប្រារព្វពិធី​បុណ្យ​ឯករាជ្យជាតិលើកទី៦៦ ដោយ​មានការដាក់តាំងបង្ហាញឧបករណ៍បុរាណ​ខ្មែរប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និងការបង្កើតសកម្មភាពជាក់ស្តែងក្នុងការច្រូតកាត់ស្រូវ បោកបែនស្រូវ លីងស្រូវ និង​ដាល់​អំបុក។

បន្ថែម​លើនេះទៀត ក្នុងកិច្ចសហការផ្សព្វផ្សាយអំពីវប្បធម៌ជំនឿ ប្រពៃណីខ្មែរ អាជ្ញាធរជាតិ​អប្សរា​ជា​មួយ​ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ និង​ពិធីមហាសង្ឃទាន​ដារពិស្តារ​៤៩ចប់ រាប់បាត្រព្រះសង្ឃចំនួន៥០០០​អង្គក្នុង​បរិវេណ​ព្រះលាន​ជល់ដំរី ក្រុង​អង្គរធំ ចាប់ពីថ្ងៃសៅ ១៣​កើតរហូតដល់ថ្ងៃអង្គារ ១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩-១២ ខែ វិច្ឆិកា​ ឆ្នាំ២០១៩។ ទិដ្ឋភាពនៃពិធីទាំងនេះ បានញ៉ាំង​ឱ្យ​ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួម​និងមក​ទស្សនា​យ៉ាង​ច្រើន​កុះករ​ក្រៃលែង៕

អត្ថបទ​និង​រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា Apsara Authority