ឃើញ Lexus LX 600 ឆ្នាំ2022 បង្ហាញខ្លួនផ្អើលពិភពលោកកុំទាន់កញ្ជ្រោល ដឹងតម្លៃបឋមពេលមកដល់ខ្មែរសិន!

សង្គម​និង​សេដ្ឋកិច្ច
545 Shares

ការបង្ហាញខ្លួនរបស់រថយន្តម៉ាក  Lexus LX 600 ស៊េរីឆ្នាំ2022 កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើឱ្យមហាជនអ្នកស្រលាញ់ចូលចិត្តរថយន្តប្រណិតនៅជុំវិញពិភពលោក តាមដានមិនដាច់ ពីលក្ខណៈពិសេសរបស់រថយន្ត SUV ខ្នាតធំម៉ូឌែលចុងក្រោយ ដែលដូររូបរាង និងបំពាក់ម៉ាស៊ីនថ្មីតូចជាងមុនមួយនេះ។ យ៉ាងណាមិញ តម្លៃរបស់រថយន្តទំនើបចុងក្រោយផុតលេខ របស់ក្រុមហ៊ុន Lexus ពេលមកដល់ទីផ្សារស្រុកខ្មែរ អាចនឹងកាន់តែធ្វើឱ្យមជ្ឈដ្ឋានអ្នកតាមដាន ភ្ញាក់ផ្អើលក៏ថាបាន។

តាមការឱ្យដឹងពីសំណាក់អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុនលក់រថយន្តទំនើប ធំជាងគេនៅប្រទេសកម្ពុជា បានបង្ហើបប្រាប់ Oknha News ពីតម្លៃបឋមរបស់រថយន្តម៉ាក Lexus LX 600 ស៊េរីឆ្នាំ២០២២ នេះថា តម្លៃរថយន្តនេះ ពេលមកដល់ខ្មែរ គិតថ្លៃបង់ពន្ធនាំចូលរួច អាចថ្លៃដល់ជិត ៣០ម៉ឺនដុល្លារ និងជាង ៣០ម៉ឺនដុល្លារ ទៅតាមម៉ូឌែល។

អ្នកគ្រប់គ្រងក្រុមហ៊ុនទិញលក់រថយន្តទំនើប ដែលមានទីតាំងនៅជាប់ សណ្ឋាគារភ្នំពេញ ក្នុងរាជធានីភ្នំពេញរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ “ចំពោះតម្លៃជាក់លាក់យើងក៏មិនទាន់ហ៊ានអះអាងឱ្យច្បាស់ដូចគ្នា ដោយសារតែតម្លៃចេញពីរោងចក្រក៏មិនទាន់ប្រកាសផ្លូវការ ហើយថ្លៃពន្ធនាំចូលក៏មិនអាចគណនាចេញដែរ តែផ្អែកតាមបទពិសោធន៍ ដែលក្រុមហ៊ុនធ្លាប់នាំរថយន្តទំនើបជុំវិញពិភពលោកមកលក់ ខ្ញុំអាចប៉ាន់ស្មានបឋមក្រៅផ្លូវការថា ពេលមកដល់ទីផ្សារកម្ពុជា សម្រាប់ម៉ូឌែល Lexus LX 600 ស៊េរី Off-road អាចថ្លៃ ២៨ម៉ឺនដុល្លារ ហើយសម្រាប់ម៉ូឌែល Executive អាចនឹងថ្លៃលើស ៣០ម៉ឺនដុល្លារ”។

ក្រុមហ៊ុន Lexus ទើប​តែ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រភេទ​រថយន្ត​សេរី​ថ្មី​នៃ​ត្រកូល Lx ដូចគ្នា គឺ Lexus Lx 600 ដែល​មាន​រូបរាង​ខុសគ្នា​ច្រើន​ពី Lexus Lx ៥៧០ ពោល​គឺ​មាន​ទំងន់​ស្រាលជាង រាង​តូច​ជាង ខ្លី​ជាង តែ​ខ្លឹម​ជាងមុន។ រថយន្ត​ប្រភេទ Lexus គឺ​ទទួល​បាន​ការ​កោតសរសើរ​ ដោយសារ​ធ្លាប់​បំពាក់​ជាមួយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង V-8 តែ​សម្រាប់ Lexus Lx 600 នេះ​វិញ នឹង​មិន​បំពាក់​ម៉ាស៊ីន V-8 ទៀតឡើយ និង​ជំនួស​មក​វិញ​ដោយ​ម៉ាស៊ីន​សាំង V6 3.5L Twin-Turbo ផលិត​បាន​កម្លាំង 409hp ដែល​នេះ​ក៏ជា​រថយន្ត​ត្រកូល Lx ដែល​បំពាក់​ម៉ាស៊ី​ន​កម្លាំង V-6 មុនគេ​បង្អស់​ផង​ដែរ។

សម្រាប់​ម៉ូដែល Lexus Lx 600 នេះ​ផងដែរ ក៏​នឹង​មាន​ដាក់​លក់​ដល់​ទៅ ៤ ម៉ូដ​មាន​ដូចជា ប្រភេទ​ធម្មតា The Premium, Luxury និង​ប្រភេទ F Sport ខណៈ​ប្រភេទ​ធម្មតា​គឺ​មាន​កៅអី ២ ជួរ ឬ​ ៥ កៅអី រីឯ​ ៣ ម៉ូដ​ទៀត​គឺ​មាន​ ៣ ជួរ ឬ ៧ កៅអី។ រថយន្ត Lexus Lx 600 នឹង​ប្រកាស​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​ពី CARandDRIVER បាន​និយាយ​ថា ប្រភេទ​ធម្មតា​អាច​ស្ថិត​នៅ​ខ្ទង់ ៩ ម៉ឺន​ដុល្លារ​ ស្របពេល​ ៣ ប្រភេទ​ទៀត​អាច​ថ្លៃ​លើសនេះ។

យ៉ាងណាមិញ តម្លៃខាងលើ Oknha News គ្រាន់តែជជីកសួរតម្លៃក្រៅផ្លូវការពីអ្នកជំនាញនាំចូលរថយន្តទំនើបៗមួយកន្លែងប៉ុណ្ណោះ ចំពោះតម្លៃជាក់លាក់​នៅ​មិនទាន់​មាន​បង្ហាញ​នៅ​ឡើយ​ទេ ដោយសារ​ការ​ប្រកាស​ជា​ផ្លូវការ​ទើប​នឹង​ធ្វើឡើង ហើយ​សម្រាប់​ទីផ្សារ​ស្រុកខ្មែរ​វិញ​ក៏​មិនទាន់​មាន​នាំ​ចូល​រថយន្ត​ប្រភេទ​នេះ​នៅ​ឡើយ៕

ឃើញ Lexus LX 600 ឆ្នាំ2022 បង្ហាញខ្លួនផ្អើលពិភពលោកកុំទាន់កញ្ជ្រោល ដឹងតម្លៃបឋមពេលមកដល់ខ្មែរសិន!
545 Shares