អាយុ​មិន​ដល់ ៣០ ឆ្នាំ​ផង ពីរនាក់បងប្អូនរៀនចប់​មហាវិទ្យាល័យ មិន​ខ្ចី​ធ្វើការ​ឲ្យ​គេ ចាប់ដៃគ្នាបង្កើត​សហគ្រាស​​កែច្នៃ​ផ្លែឈើ​លក់​លើ​ទីផ្សារ​

សង្គម​និង​សេដ្ឋកិច្ច អាជីវកម្ម
184 Shares

ពីរនាក់បងប្អូនចាប់ដៃគ្នាបង្កើតអាជីវកម្មកែច្នៃភោគផលកសិកម្មក្នុងស្រុក ដើម្បី​រួមចំណែកជួយទ្រទ្រង់ទីផ្សារកសិកម្មនៅកម្ពុជា និងបង្កើនការងារជូនប្រជាពលរដ្ឋក្នុងតំបន់។

ម្ចាស់សិប្បកម្មវ័យក្មេងអាយុត្រឹម២៨ឆ្នាំ យុវជន អ៊ុយ ចេងហេង បាន​បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មពីសកលវិទ្យាល័យ Mahidol នៅ​ប្រទេសថៃ និង​ប្អូនស្រីបង្កើតគឺកញ្ញា អ៊ុយ សុធារីណា អាយុ២៤ឆ្នាំ ជានិសិត្សបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬតិចណូ ផ្នែកគីមីចំណីអាហារ។

សិប្បកម្មដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ៣០ម៉ឺនដុល្លារ គឺបានចាប់ផ្តើមដំណើរការ​នៅ​ចុងឆ្នាំ២០២០ ប៉ុន្តែទើបតែបានបញ្ចេញផលិតផលលក់នៅលើទីផ្សារកាលអំឡុងខែមីនាឆ្នាំ២០២១នេះប៉ុណ្ណោះ។

ផ្តល់បទសម្ភាសន៍ជាមួយឧកញ៉ាញូសហ៍ លោក អ៊ុយ ចេងហេង ជាស្ថាបនិកសហគ្រាស ណាវីតា ហ៊ែលស៊ី ហ្វូដ & បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) បានឲ្យ​ដឹង​ថា សហគ្រាសណាវីតា ជាសហគ្រាសកែច្នៃផ្លែឈើស្រស់ ឲ្យទៅជាតំណាប់ បែបសុខភាព ដែលបានបង្កើតឡើងនៅកំឡុងដើមឆ្នាំ២០២០ នៅលើទឹកដីខេត្តបាត់ដំបងរហូតមកដល់ពេលនេះគឺបានមួយឆ្នាំពេញហើយ។ សហគ្រាសមានផលិតផលដូចជាដំណាប់សម្ងួត និង​ដំណាប់ផ្លែឈើក្នុងកែវ ដែល​ច្នៃ​ចេញពី​ស្វាយ ម្នាស់ ស្រកា​នាគស ស្រកានាគក្រហម តាង៉ែន(មៀននប៉ៃលិន) និង ប៉េងប៉ោះជាដើម។

គោលការណ៍​​របស់​សហគ្រាសផ្តោត​លើ​គុណភាព​​បានន័យថា អតិថិជនទទួលទានផលិតផល​ប្រកប​ដោយ​សុវត្ថិភាព​ដែលមិន​ប៉ះពាល់​ដល់សុខភាព ខុសពីផលិតផលនាំចូលមួយចំនួន ដោយសារ​មាន​ការ​លាយ​សារធាតុ​បន្ថែម​ដូចជា​ស្ករ ​អាស៊ីត ដាក់សាធាតុគីមីរក្សាទុកបានយូរ។

លក្ខណៈពិសេសរបស់ផលិតផលនៅសហគ្រាស​ណាវីតា គឺតាមពិតទៅវាមិនមែនជាដំណាប់នោះទេ ប៉ុន្តែខ្មែរយើងភាគច្រើនហៅថាដំណាប់ផ្លែឈើ តែវាជាផ្លែឈើសំងួត ព្រោះយើងអត់បានដាក់ស្ករទេ ពោលគឺបើសិនជាដាក់ស្ករនោះទើបហៅថាដំណាប់ផ្លែឈើ។ អញ្ចឹងលក្ខណៈពិសេសរបស់យើងគឺជាផ្លែឈើសម្ងួត ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាអ្វីដែលខាងយើងផ្ដោតទៅលើ សូម្បីតែមៀនក្នុងកែវក៏យើងអត់ដាក់ស្ករច្រើនដែរ អីចឹង​នៅពេលអតិថិជនទិញ​យក​ទៅ​បរិភោគបានសរសើរ​ថា​ឆ្ងាញ់ ហើយរសជាតិវាគឺផ្អែមតិចជាងផលិតផលនាំចូល មិនទ្រលាន់ឆ្ងាញ់ នេះជា feedback ទទួលបានពីអតិថិជនមកវិញ”។

សហគ្រាស​ណាវីតា កំពុងកែច្នៃ​ភេសជ្ជៈសុខភាពចេញពីផ្លែមៀន គឺទឹកផ្លែមៀនតែមានលក្ខណៈពិសេសប្លែកពីគេដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗផងដែ។ បើ​តាម​យុវជន​វ័យ​ក្មេង​ដែលមាន​គំនិត​លើ​ជំនួញ​រូបនេះ ចក្ខុវិស័យនៃ​សហគ្រាស​ដែលលោក​ចាប់ដៃគូជាមួយ​ប្អូនស្រី​បង្កើត​គឺចង់នាំចេញទៅក្រៅប្រទេស ព្រោះថាមានតែការនាំចេញទេទើបធ្វើឲ្យទីផ្សារកាន់តែទូលំទូលាយ។

អ៊ុយ ចេងហេង បាន​បញ្ជាក់​ថា បើ​កែច្នៃផលិតផលនៅក្នុងស្រុក ទោះបីកែច្នៃទៅជាសម្ងួតយ៉ាងណាក៏ដោយក៏មិន​មែន​ជាទីផ្សារគោលដៅ ព្រោះយ៉ាងណាប្រជាជននៅតែញ៉ាំផ្លែឈើស្រស់ជាជាងញ៉ាំផ្លែឈើសំងួត ប្រាកដណាស់ណាស់ប្រជាជននឹងបរិភោគផ្លែឈើសំងួតដែរតែមានលក្ខណៈតិចតួច។

យុវជន​រូបនេះ​ការ​នាំចេញនៅលើទីផ្សារក្រៅប្រទេស ដើម្បីមានឱកាសពង្រីកខ្លួនបានធំទូលាយ កាលណាទីផ្សារកាន់តែធំ ក៏​អាចជួយកសិករដែលដាំផ្លែឈើបានច្រើនជាពិសេសជួយឲ្យប្រជាជនមានការងារធ្វើបាន។

ដោយសារបរិបទសម័យកូវីដធ្វើឱ្យក្រុមហ៊ុនទើប​បង្កើត​បាន​ក្មេង​ខ្ចី​នេះ ប្រឈម​បញ្ហាខ្លះៗក្នុងការនាំចេញផលិតផលទៅក្រៅស្រុក ស្របពេលដែលជំងឺកូវិតផ្ទុះមានច្រើនផងនោះ ក្រុមហ៊ុនបន្តធ្វើទីផ្សារក្នុងស្រុក ដោយ​ព្យាយាមធ្វើទីផ្សារខ្លួនឯងនៅ​លើ​ឌីជីថល​ម៉ាឃិតធីង គឺធ្វើការលក់អនឡាញនៅលើផេកហ្វេសប៊ុកជាដើម។

បច្ចុប្បន្ន​ផលិតផល​របស់​សហគ្រាសណាវីតា ហ៊ែលស៊ី ហ្វូដ & បេវើរីច ឯ.ក មានលក់នៅតាមបណ្ដាម៉ាតនៅភ្នំពេញមួយចំនួន។ ក្រុមហ៊ុន​បាន​សិក្សាទៅលើម៉ាតមួយចំនួនដែល​មាន​អតិថិជនគោលដៅ ជាពិសេសម៉ាត់ដែលផ្ដោតទៅលើសុខភាពបរិភោគបន្លែសុខភាពបន្លែធម្មជាតិផ្សេងៗ។

គូសបញ្ជាក់ផងដែរថាលោក អ៊ុយ ចេងហេង បានចាប់ផ្ដើមបង្កើតសិប្បកម្មកែច្នៃផ្លែឈើស្រស់នេះ នៅដើមឆ្នាំ២០២០ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជាធានី- ខេត្តផ្សេងៗនិងបានទទួលការគាំទ្រនិងជំនួយគ្រប់ទម្រង់រូបភាព ពីអង្គការ Cambodia Harvest II ផងដែរ។ មិនតែប៉ុណ្ណោះសហគ្រាស​ប្ដេជ្ញានឹងខិតខំកែច្នៃភោគផលកសិកម្មក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងពេលដ៏ខ្លី ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់ទីផ្សារកសិកម្មនៅកម្ពុជាបានមួយផ្នែក និងបង្កើនការងារជូនប្រជាពលរដ្ឋក្នុងតំបន់ទៀតផង៕

អាយុ​មិន​ដល់ ៣០ ឆ្នាំ​ផង ពីរនាក់បងប្អូនរៀនចប់​មហាវិទ្យាល័យ មិន​ខ្ចី​ធ្វើការ​ឲ្យ​គេ ចាប់ដៃគ្នាបង្កើត​សហគ្រាស​​កែច្នៃ​ផ្លែឈើ​លក់​លើ​ទីផ្សារ​
184 Shares