ជិត២០ឆ្នាំ ឧកញ៉ា អុឹង គីមហុង ដកចិត្តមិនរួចពីហាងកាត់សក់មួយកន្លែង ព្រោះកូនជាងធ្លាប់ធ្វើរឿងនេះដាក់

ជុំវិញ​ឧកញ៉ា
722 Shares

ថ្ងៃនេះ Oknha News សូមបើកកកាយពីទម្លាប់ប្រចាំថ្ងៃដ៏កម្រមួយរបស់ ឧកញ៉ា អុឹង គីមហុង ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក ពី Lifestyle នៃការកាត់សក់ នៅកន្លែងកាត់សក់មួយកន្លែង ដែលធ្វើឱ្យលោក ក្លាយជាម៉ូយប្រចាំហាងនោះអស់រយៈពេលជិត ២០ឆ្នាំ កន្លងមកហើយ។

ឧកញ៉ា អុឹង គីមហុង រហ័សនាម ឧកញ៉ា គួរឱ្យស្រលាញ់ បានរៀបរាប់ថា៖ “កាត់សក់នៅទីនេះជិត២០ឆ្នាំហើយ គាត់កាត់សក់ឲ្យខ្ញុំតាំងតែខ្ញុំនៅក្រ តំលៃ១នាក់ ៥ពាន់រៀល”។

តាមការជជីកសួរបន្ថែម ប្រធានក្រុមហ៊ុន TLL Real Estate Co., LTD ឧកញ៉ា អុឹង គីមហុង រំលឹកពីអនុស្សាវរីយ៍ប្រាប់ Oknha News ពីប្រវត្តិដំបូង ដែលនាំឱ្យលោក មិនដាច់ចិត្តផ្លាស់ប្ដូរកន្លែងកាត់សក់ទៅហាងណា ក្រៅពីហាងកាត់សក់ដ៏សាមញ្ញ កាលីបម៉ូត/Kalib Mode យ៉ាងដូច្នេះថា៖ “កាលពីជិត ២០ឆ្នាំមុន ខ្ញុំធ្លាប់មកកាត់សក់នៅកន្លែងនេះជាលើកដំបូង ពេលនោះ មេជាង និងជាងៗជើងចាស់ប្រចាំហាង គាត់មានម៉ូយគាត់ អ៊ីចឹងពួកគាត់ក៏រុញកូនជាងដែលទើបចូលធ្វើការថ្ងៃដំបូង មកសាកកន្ត្រៃកាត់សក់ កៅឆាយខ្ញុំតែម្ដង…”។

តែពេលនោះ លោកក៏មិនទាន់ដឹងដែរថា ខ្លួនគឺជាអតិថិជនដំបូង ដែលសាកកន្ត្រៃដំបូងដោយកូនជាងរបស់ហាង។ រហូតដល់ស្គាល់រាប់អាន និងក្លាយជាម៉ូយរបស់ជាងសាកកន្ត្រៃរបស់ខ្លួនបានប្រហែល ៤-៥ឆ្នាំ ទើបថ្ងៃមួួយ ជាងបង្ហើបប្រាប់ថា លោកគឺជាម៉ូយដំបូង ដែលគាត់(ជាង) សាកកន្ត្រៃជាលើកដំបូង ក្នុងនាមជាបុគ្គលិកជាងកាត់សក់ទើបចូលធ្វើការថ្មីថ្មោង។

អនុស្សាវរីយ៍ដ៏គួរឱ្យអស់សំណើចមួយនេះហើយ ដែលទាក់ទាញទឹកចិត្ត ឧកញ៉ា អុឹង គីមហុង ក្លាយជាម៉ូយកាត់សក់ជាមួយកូនជាងកាត់សក់រូបនោះ តាំងពីជិត ២០ឆ្នាំមុន រហូតដល់សព្វថ្ងៃ។ ឧកញ៉ា អុឹង គីមហុង បានបន្ថែមថា ប៉ុន្តែបច្ចុប្បន្ន ជាងដែលធ្លាប់សាកកន្ត្រៃកាត់សក់កៅឆាយជូនលោក តាំងពីជិត២ទសវត្ស៍មុននោះ បានក្លាយមេជាងកាត់ដ៏ចំណានមួយរូបប្រចាំហាងកាត់សក់ កាលីបម៉ូត ដែលមានទីតាំងនៅម្ដុំខាងក្រោយសាលាបាក់ទូក។

ហើយ​ចំពោះតម្លៃក៏មិនមានការប្រែប្រួលខ្លាំងដែរ ជិត២០ឆ្នាំមុន តម្លៃកាត់សក់ក្នុងម្នាក់ត្រឹមតែ ៥ពាន់រៀល រហូតដល់ឥឡូវក៏នៅតែកាត់ក្នុងតម្លៃសមរម្យដដែល។ ម្យ៉ាងវិញទៀត ជាងកាត់សក់ជូនលោកនោះ គាត់មានទឹកដៃ កាត់សក់សមជាមួយទម្រង់មុខរបស់ខ្ញុំដែរ ទើបជាប់ម៉ូយមករហូតទៅ។ ឧកញ៉ា អុឹង គីមហុង បន្ថែម៕

ជិត២០ឆ្នាំ ឧកញ៉ា អុឹង គីមហុង ដកចិត្តមិនរួចពីហាងកាត់សក់មួយកន្លែង ព្រោះកូនជាងធ្លាប់ធ្វើរឿងនេះដាក់
722 Shares