គណនីធនាគារទាំង ៨ សប្បុរជនចង់បរិច្ចាគថវិកាតាម online ជួយមូលនិធិ​គន្ធបុប្ផា​កម្ពុជា ម៉ោងណាក៏បាន

សង្គម​និង​សេដ្ឋកិច្ច

ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩ ​ក្តី ក៏​មន្ទីរពេទ្យ​​គន្ធបុប្ផា នៅតែ​បន្ត​ដំណើរការ​ពិនិត្យ​ព្យាបាល អ្នកជំងឺ​ទូទៅ​ជាធម្មតា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ទន្ទឹមគ្នានោះ មធ្យោបាយនៃការទទួលជំនួយថវិកាសប្បុរសធម៌នានា តាមប្រព័ន្ធគណនីធនាគារអនឡាញ ដែលជាដៃគូសហការ ក៏ត្រូវបានប្រកាសជាសាធារណៈ ដើម្បីមានភាពងាយស្រួល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ ជាលេខគណនីធនាគារដៃគូ ក្នុងស្រុកទាំង ៨ ដែលបានសហការទទួលថវិកាពីសប្បុរជន ដោយ​មិនគិតថ្លៃ​សេវា ដើម្បីជួយដល់មូលនិធិ​គន្ធបុប្ផា​កម្ពុជា រួមមានដូចជា៖ ធនាគារ​ Canadia ធនាគារ​ ACLEDA ធនាគារ​ ABA ធនាគារ Chip Mong ធនាគារ​ Wing ធនាគារ​ Sathapana ធនាគារ J Trust Royal និង​ភ្នាក់ងារ​ True Money ។

បន្ថែមពីនេះ សប្បុរសជន ក៏អាចផ្ដល់អំណោយថវិកា ដល់​​កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺតាមសាខាមន្ទីរពេទ្យគន្ធបុប្ផាទាំង​ ៥​ ទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយផ្ទាល់​នៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​​បុប្ផា​កម្ពុជា ដែលមាន​ទីតាំងនៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​តាមរយៈ​លេខ​ទូរស័ព្ទ​ ០៦១ ៧០ ១១១១​ បានផងដែរ។

មូល​និ​ធិ​គន្ធបុប្ផា​កម្ពុជា គឺជា​មូល​និ​ធិ​ផ្លូវការ ដែល​បង្កើតឡើង ដោយ​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​គោលដៅ​តែមួយគត់ គឺ​ធានាថា មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥​ ទីតាំង​នឹង​បន្ត​បេស​ក​កម្ម​ចម្បង​ក្នុងការ​ពិនិត្យ​ព្យាបាល និង​សង្គ្រោះ​កុមារ​ប្រកបដោយ​​គុណភាព ឥតគិតថ្លៃ និង​មិន​មានការ​រើសអើង​។ ថវិកា​នេះ​នឹងត្រូវ​ចាត់​ចែង​ប្រើប្រាស់​ដោយ​គណៈ​គ្រប់គ្រង​របស់​មន្ទីរ​ពេទ្យ​នៅពេល​មាន​តម្រូវការ​។​

​តាម​របាយការណ៍​មន្ទីរពេទ្យ​​គន្ធបុប្ផាបាន​បង្ហាញថា ក្នុង​ខែកក្កដា ឆ្នាំ ​២០២១ កុមារ​ឈឺ​ចំនួន​ ១៨ ៨១៨​ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាលនៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​ ២ ៧៥១ ​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​ ដោយឡែក យោងតាម​របាយការណ៍​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បញ្ជាក់ដែរថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មូលនិធិ​គន្ធ​បុប្ផាបានទទួល​ថវិកា​បរិ​ច្ចាគ​ពី​សប្បុរសជន ជាង ៤​ លាន ៧​ សែន​ដុល្លារ​អាមេរិក​៕​