សមាជិកសហភាពអ៊ឺរ៉ុប ព្រមានថា ប៉ូឡូញកំពុងលេងជាមួយភ្លើងហើយ ក្រោយមិនអនុវត្តតាមសាលក្រមរបស់ EU

អន្តរជាតិ
81 Shares

សេចក្តីសម្រេចទៅលើសាលក្រមមួយរបស់តុលាការប៉ូឡូញ បានជំទាស់ទៅនឹងច្បាប់កំពូលរបស់សហភាពអ៊ឺរ៉ុប បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅក្នុងសហភាពទាំងមូល ដោយបង្កើនការភ័យខ្លាចថា ប៉ូឡូញ អាចនឹងចាកចេញពីសហភាពអ៊ឺរ៉ុប ។

ជាក់ស្តែងអ្នកនយោបាយនៅទូទាំងទ្វីបអឺរ៉ុប បានសម្តែងភាពខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាធម្មនុញ្ញប៉ូឡូញ កាលពីប៉ុន្មានសប្តាហ៍មុន ដែលបានចេញសាលក្រមមួយថា ក្នុងករណីមួយចំនួនរដ្ឋធម្មនុញ្ញរបស់ខ្លួន គឺមានអាទិភាពទៅលើច្បាប់ ឬសាលក្រមរបស់សហភាពអ៊ឺរ៉ុប ការធ្វើដូច្នេះ វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សសរស្តម្ភផ្នែកច្បាប់ នៃសហភាពអឺរ៉ុប ដែលមានប្រទេសសមាជិកទាំង ២៧ កំពុងឈរជើង ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសបារាំង និងអាល្លឺម៉ង់ ដែលជាសមាជិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប៉ូឡូញគួរតែមានកាតព្វកិច្ចផ្លូវច្បាប់ និងសីលធម៌ នៅក្នុងនាមជាសមាជិកមួយរបស់សហភាពអឺរ៉ុប ដើម្បីគោរពទៅតាមច្បាប់របស់សហភាពទាំងស្រុង និងដោយគ្មានលក្ខខណ្ឌអ្វីនោះឡើយ ។

ដោយឡែក សម្រាប់ប្រទេសហុងគ្រីឯណោះវិញ ដែលដឹកនាំដោយរដ្ឋាភិបាលអភិរក្សនិយមស្រដៀងប៉ូឡូញដែរនោះ បានបង្ហាញ ការស្វាគមន៍ចំពោះសាលក្រមរបស់ប៉ូឡូញ បន្ទាប់ពីប្រទេសទាំង ២ ធ្លាប់បានរួមគ្នាប្រឆាំងតបតទៅនឹងគណ:កម្មការអឺរ៉ុប ជុំវិញបញ្ហាស្រលាញ់ភេទដូចគ្នា រហូតប្តឹងផ្តល់ដល់តុលាការឯករាជ្យទៀតផង ។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសលុចសំបួ លោក Jean Asselborn បាននិយាយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសហភាពអឺរ៉ុប នៅប្រទេសរបស់ខ្លួនថា “ យើងត្រូវតែនិយាយឲ្យបានច្បាស់ថា ពេលនេះរដ្ឋាភិបាលប៉ូឡូញកំពុងតែលលេងជាមួយភ្លើងហើយ ” ។

Luxembourg′s FM Jean Asselborn warns of EU collapse due to refugee crisis |  News | DW | 09.11.2015
លោក Clement Beaune

លើសពីនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការអ៊ឺរ៉ុបបារាំង លោក Clement Beaune បាននិយាយទៀតថា សេចក្តីសម្រេចសាលក្រម តុលាការធម្មនុញ្ញប៉ូឡូញ គឺជាការវាយប្រហារទៅលើសហភាពអឺរ៉ុប ដែលអាចនាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងWarsaw ។

បន្ថែមពីនេះ សាលាក្តីធម្មនុញ្ញ បានបើកសវនាការលើសំណុំរឿងនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Mateusz Morawiecki បានចោទសួរថា តើស្ថាប័នសហភាពអឺរ៉ុប អាចបញ្ឈប់ប៉ូឡូញពីការរៀបចំប្រព័ន្ធតុលាការឡើងវិញមួយនេះបានទេ ។

Morawiecki napisał list do przywódców UE. „Niebezpieczne zjawisko  stopniowego przeobrażanie się w podmiot” - tvp.info
លោក Mateusz Morawiecki

ជាមួយគ្នានេះផងដែរ គណ:កម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងចាត់គ្រប់វិធានការ ដើម្បីអនុវត្តសាលក្រម របស់តុលាការយុត្តិធម៌អឺរ៉ុប ប៉ុន្តែទោះជាយ៉ាងណា មិនបានបញ្ជាក់ព័ត៌មានលំអិតចំពោះវិធានការទាំងនេះឡើយ ។

អ្នកវិភាគមួយចំនួនបានលើកឡើងថា វិធានការទាំងផ្នែកច្បាប់ និងផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ប្រហែលមិនអាចឈានដល់ការបណ្តេញប្រទេសប៉ូឡូញចេញពីសហភាពនោះទេ។ ប៉ុន្តែកាលពីខែមុន គណ:កម្មការអឺរ៉ុប បានចាប់ផ្តើមផាកពិន័យប៉ូឡូញ ជាសាច់ប្រាក់ប្រមាណ ១,២ លានដុល្លារ ក្នុងមួយថ្ងៃ ជុំវិញការមិនអនុវត្តតាមសាលក្រមរបស់តុលាការយុត្តិធម៌អឺរ៉ុប ។

ប៉ុន្តែគេរំពឹងថា បន្ទាប់ពីសាលក្រមរបស់តុលាការប៉ូឡូញចូលជាធរមានហើយ នោះមន្រ្តី និងគណ:កម្មការអឺរ៉ុប នឹងចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅតុលាការអឺរ៉ុប ដែលនឹងទំនងជាមានការផាកពិន័យបន្ថែមទៀត ទៅលើប្រទេសប៉ូឡូញ ៕

ប្រភព: SMH

សមាជិកសហភាពអ៊ឺរ៉ុប ព្រមានថា ប៉ូឡូញកំពុងលេងជាមួយភ្លើងហើយ ក្រោយមិនអនុវត្តតាមសាលក្រមរបស់ EU
81 Shares