ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រា ៤,៨%

សង្គម​និង​សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១២៤ ១៦២ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ នេះបានគូសបញ្ជាក់ថា កម្ពុជាក៏នឹងប្រឈមជាមួយការកើនឡើងនៃហានិភ័យរួមមាន៖ ការបន្តអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសការរីករាលដាលនៃវីរុសបំប្លែងខ្លួនប្រភេទថ្មីទាំងក្នុងបរិការណ៍សកល តំបន់ និងក្នុងប្រទេស។ ភាពរអាក់រអួលនៃផលិតកម្មឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរដែលអាចបង្កឡើងដោយការរីករាលដាលជាទ្រង់ទ្រាយធំក្នុងរោងចក្រជាយថាហេតុ និងការថមថយរំហូរទុនវិនិយោគពីបរទេស។

ជាមួយគ្នា អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ២,៨% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកនិន្នាការ ធម្មតាវិញនៃថ្លៃម្ហូបអាហារ។ អត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិកត្រូវបានប៉ាន់ស្មានថា នឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំនឿទុកចិត្តពីសំណាក់សាធារណជនលើការប្រើប្រាស់ប្រាក់រៀលតាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។

ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៣,១% នៃ ផ.ស.ស សម្រាប់ឆ្នាំ២០២២ ដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនៃការនាំចេញនិងវិស័យទេសចរណ៍។

ដោយឡែក សម្រាប់ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងកើនឡើនដល់ ២២ ១២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងធានាការនាំចូលបាន ១០ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជានឹងងើបឡើងវិញបន្តិច៕