ក្រុមហ៊ុន PTT របស់ថៃ ត្រៀមបោះទុនវិនិយោគទឹកប្រាក់ជាង ២២ ពាន់លានដុលារ ទៅលើគម្រោងជួយការពារបរិស្ថានមួយ

អន្តរជាតិ
124 Shares

ក្រុមហ៊ុន PTT Global Chemical Pcl របស់ថៃ បាននិយាយកាលពីថ្ងៃព្រស្បតិ៍ថាខ្លួនមានគម្រោងវិនិយោគទឹកប្រាក់ជាង ២២ ពាន់លានដុល្លារ ក្នុងរយ:ពេល ៣ ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ឲ្យសល់ត្រឹមកម្រិតសូន្យ នៅត្រឹមឆ្នាំ ២០៥០ ។

ជាក់ស្តែង នាយកប្រតិបត្តិ លោក Kongkrapan Intarajang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ ” យើងនឹងធ្វើការវិនិយោគ ៥ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ និងវិនិយោគ ១៧ ពាន់លានដុល្លារផ្សេងទៀត ក្នុងការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ” ។

មិនតែប៉ុណ្ណោះ គម្រោងនេះផងដែរ នឹងរួមបញ្ចូលទាំងការបង្កើនប្រសិទ្ធភាពក្នុងការរក្សាទុកថាមពល និងបច្ចេកវិទ្យាក្នុងការចាប់យកឧស្ម័នការបូន។

លើសពីនេះ​លោក  Kongkrapan បានមានប្រសាសន៍ទៀតថា អាជីវកម្មថ្មីៗរបស់ក្រុមហ៊ុនលោក នឹងក្លាយជាអាជីវកម្ម ដែលមានការបញ្ចេញឧស្ម័នការបូនក្នុងកម្រិតទាបបំផុត ស្របពេលលោកបានគូសបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុននេះ នឹងទទួលបានកំណើនប្រហែល ៤% នៅក្នុងរយ:ពេល ៥ ទៅ ៦ ឆ្នាំខាងមុខ ។

សូមបញ្ជាក់ថានៅឆ្នាំនេះ ក្រុមហ៊ុន PTTGC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT Pcl បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) និងឧស្ម័នកាបូនិក (CO2) ប្រមាណ ៨ លានតោន ហើយអាចនឹងកើនដល់ ៩,១ លានតោន នៅឆ្នាំ ២០២៥ ខាងមុខ ។

ប៉ុន្តែទោះជាយ៉ាងណា លោក Kongkrapan បានបញ្ជាក់ថា ការបំភាយឧស្ម័នពុលរបស់ក្រុមហ៊ុន នឹងមានការថយចុះ ២០% នៅឆ្នាំ ២០៣០ ហើយនឹងធ្លាក់ដល់កម្រិតសូន្យនៅត្រឹមឆ្នាំ ២០៥០ ៕

ប្រភព: CNA

ក្រុមហ៊ុន PTT របស់ថៃ ត្រៀមបោះទុនវិនិយោគទឹកប្រាក់ជាង ២២ ពាន់លានដុលារ ទៅលើគម្រោងជួយការពារបរិស្ថានមួយ
124 Shares