រោងចក្រស្រាបៀរ តម្លៃ ១៣៩.៥ លានដុល្លារអាមេរិករបស់មហាសេដ្ឋី សំ អាង ចាប់ដំណើរការផលិតជាលើកដំបូងនៅកម្ពុជា

ជុំវិញ​ឧកញ៉ា
1.2K Shares

រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី ដែលមានតម្លៃវិនិយោគ ១៣៩.៥ លានដុល្លារអាមេរិក របស់មហាសេដ្ឋី សំ អាង ម្ចាស់វឌ្ឍនៈ គ្រុប បានចាប់ដំណើរការផលិតកម្មស្រាបៀរ ជាលើកដំបូងនៅកម្ពុជា ដែលមានទីតាំងនៅ​លើផ្លូវ​លេខ ១១៤ ក្នុងភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ដោយបាន​អនុលោម​តាម​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន វឌ្ឍនៈ ប្រ៊ូ​វើ​រី បានឈានដល់​ដំណាក់កាល​ផលិត​ស្រា​បៀរ​ជា​លើកដំបូង​របស់ខ្លួន ជាមួយនិង​សមត្ថភាព​ផលិត​រហូតដល់ ៧៦​លាន​កេស​ក្នុង​មួយឆ្នាំ​នាពេលខាងមុខ ហើយ​នៅពេល​ដំណើរ​ការផលិត​កម្មបាន​ពេញលេញ​និង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​រហូតដល់ ១,៥០០​នាក់ និង​ផ្តល់ឱកាស​ការងារ​ដោយ​ប្រយោល​ជាច្រើន​ផ្សេងទៀត​។​

គួររម្លឹកជូនថា ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ រោងចក្រ​ស្រា​បៀរ វឌ្ឍនៈ ប្រ៊ូ​វើ​រី ធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ ​ដោយ​ប្រើពេល​ត្រឹមតែ ៤៨៣​ថ្ងៃប៉ុណ្ណោះ ទោះ​ស្ថិតក្នុង​បរិបទនៃ​ជំងឺ​កូ​វីដ​-១៩ ក្តី ហើយ​បានរួម​ចំណែក​ជួយ​បន្ត​ផ្តល់​ការងារ​ដល់​បុគ្គលិក និង​កម្មករ ជាង​១០០០​នាក់ រហូតមកទល់​បច្ចុប្បន្ន​។​

រោងចក្រ វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​សមិទ្ធផលថ្មី​មួយទៀត​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ ធ្វើការ​វិនិយោគ​លើ​វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ វិស័យ​បដិសណ្ឋារកិច្ច វិស័យ​ម្ហូបអាហារ វិស័យ​ទំនិញ និង​សេវាកម្ម​ព្រមទាំង​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​៕

រោងចក្រស្រាបៀរ តម្លៃ ១៣៩.៥ លានដុល្លារអាមេរិករបស់មហាសេដ្ឋី សំ អាង ចាប់ដំណើរការផលិតជាលើកដំបូងនៅកម្ពុជា
1.2K Shares