មូលហេតុទាំងនេះ បណ្តាលឲ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់និងពិភពលោកមានការធ្លាក់ចុះ

សង្គម​និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបញ្ជាក់មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្កររបស់កម្ពុជាទៅកាន់អន្តរជាតិ គឺបណ្តាលមកពីបញ្ហាការដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃខ្ពស់, កង្វះទូរកុងតេន័រផ្ទុកទំនិញចំណុះ២០ហ្វីត, និងមិនមាន Shipping Space គ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ការដឹកជញ្ជូនក៏ជួបបញ្ហាកង្វះទូរកុងតេន័រផ្ទុកទំនិញចំណុះ២០ហ្វីត (ជាស្តង់ដារទូរកុងតេន័រផ្ទុកអង្ករចេញពីកម្ពុជា) ដោយសំបកកុងតេន័រប្រភេទនេះភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែ និងទីលាននានាក្នុងសហគមន៍អ៊ឺរ៉ុប ដោយសារការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូននៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបបានរាំងស្ទះ (ខ្វះកម្មករនិងអ្នកបើកឡាន ដឹកកុងតែន័រជាដើម)។

វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ — Cambonomist

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា យើងក៏មិនមាន Shipping Space គ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញ ដោយសារអង្ករជាទំនិញធ្ងន់។ ក្រុមហ៊ុនកប៉ាល់មានជើងធ្វើដំណើរចំនួនតិចជាងមុន ដោយក្រុមហ៊ុនកប៉ាល់ផ្តល់ជម្រើសដឹកទំនិញស្រាលច្រើន ហើយទំនិញធ្ងន់ដូចជាអង្ករមានចំនួនកំណត់មួយ។ ជាក់ស្តែង កម្ពុជាត្រូវការ Space លើកប៉ាល់ចន្លោះពី ៣៥០ ទៅ ៤០០ ទូរកុងតេន័រក្នុងមួយសប្តារហ៍សម្រាប់ពីកំពង់ផែមេ ដូចជា សិង្ហបូរី ទៅកាន់កំពង់ផែនៅសហគមន៍អ៊ឺរ៉ុប តែការផ្តល់ឱ្យសម្រាប់អង្ករ ឬទំនិញធ្ងន់ដទៃទៀតបានត្រឹមតែ ១០០ ទៅ ១៥០ ទូរកុងតេន័រតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ហាប្រឈមក្នុងការដឹកជញ្ជូនខាងលើនេះ បានបណ្តាលឲ្យការនាំចេញអង្ករបាននិងកំពុងរងឥទ្ធិពលនៃការធ្លាក់ចុះតម្លៃទីផ្សារពិភពលោកនៃអង្ករក្រអូបផងដែរ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តម្រូវការទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាគំហុក ដែលនាំឱ្យតម្លៃអង្ករក្រអូបនៅលើពិភពលោកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រភេទអង្ករសធម្មតា គឺពីជាង ៨០០ ដុល្លារ/តោន ធ្លាក់មកត្រឹម ៦៥០ ដុល្លារ/តោន។ គួរកត់សម្គាល់ថា ប្រមាណ៨០%នៃបរិមាណអង្ករនាំចេញរបស់ កម្ពុជាជាប្រភេទអង្ករក្រអូប។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩តោន ខ្ពស់ជាងឆ្នាំ២០១៩ចំនួន១១,៤% ដែលត្រូវបាននាំចេញទៅកាន់ទិសដៅចំនួន៦០ប្រទេស។ ទិសដៅប្រទេសចិនកើន១៦,៦% ទិសដៅសហភាពអឺរ៉ុបកើន ០,៣៩% ទិសដៅអាស៊ានកើន៤,៤៩% និងទិសដៅផ្សេងទៀតកើន២៨,៩៥%។

ការនាំចេញអង្ករក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១នេះ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន៕