លោក សុខ ចិន្តាសោភា៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដើម្បីទាក់ទាញលំហូរវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច
102 Shares

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា នៃបណ្តាប្រទេស LDCs និងប្រទេសកំពុងអភិវឌ្ឍន៍ នឹងក្លាយជាគន្លឹះ ដើម្បីបង្កើតបរិស្ថានប្រកបដោយ ប្រសិទ្ធភាពថែមទៀត សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ និងបង្កើតល័ក្ខខ័ណ្ឌអាចប៉ាន់ប្រមាណបាន ដើម្បីទាក់ទាញលំហូរវិនិយោគប្រកបដោយចីរភាព។

លោកថា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចនៃបណ្តាប្រទេស LDC ដោយប្រើប្រាស់សក្តានុពលពេញលេញ នៃសមាហរណកម្មតំបន់ ដែលមានលក្ខណៈស៊ីជម្រៅ ដែលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងភាពធន់ ព្រមទាំងបង្កើតរបបគតិយុត្តិ និងបទប្បញ្ញត្តិមួយ ដែលជំរុញការវិនិយោគក្នុងស្រុក និងបរទេស ដើម្បីធ្វើឲ្យទុនវិនិយោគឯកជន អាចធ្វើប្រតិបត្តិការបាន។

លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់នូវច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបត្រូវបានប្រកាសឲ្យប្រើ ដើម្បីបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងពង្រឹងភាពទាក់ទាញ និងសមត្ថភាពបំពេញបន្ថែម ជាពិសេសផ្ដល់របបលើកទឹកចិត្តដ៏ឆ្លាតវៃ ដល់គម្រោងវិនិយោគ ដែលប្រើប្រាស់បច្ចេកវិទ្យា, បង្កើតការងារ, បណ្តុះបណ្តាលជំនាញ, បណ្តុះការស្រាវជ្រាវ, អភិវឌ្ឍន៍, និងនវានុវត្តន៍។

បន្ថែមលើសពីនេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺជាប្រភពដ៏មានសក្តានុពល និងសំខាន់នៃហិរញ្ញវត្ថុអភិវឌ្ឍន៍សម្រាប់ប្រទេស LDCs និងអាចបំពេញបន្ថែម ដល់ជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA)។ បើទោះបីប៉ុន្មានឆ្នាំនេះ មានភាពប្រសើរឡើងបន្តិចម្តងៗ ក្នុងក្របខ័ណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិសម្រាប់ការវិនិយោគ នៅក្នុងបណ្ដាប្រទេស LDCs ក្ដី ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ច ព្រមទាំងប៉ះពាល់យ៉ាងខ្លាំង ដល់រំហូរវិនិយោគផ្ទាល់ពីបរទេស និងបង្ហាញឲ្យឃើញកាន់តែច្បាស់ នូវភាពទន់ខ្សោយនៃហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច។

យោងតាម UNCTAD រំហូរវិនិយោគផ្ទាល់ពីបរទេសទូទាំងសកលលោក បានឈានដល់ប្រមាណ៨៥២ពាន់លានដុល្លារ ក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ ដែលបង្ហាញពីសន្ទុះស្ទុះងើបឡើងវិញ ខ្លាំងជាងការរំពឹងទុក។ ការកើនឡើងនៅក្នុងរយៈពេលពីរត្រីមាសនេះ បានស្ដារជាង៧០% នៃការថយចុះដែលបណ្ដាលមកពី ជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០។

ដោយឡែក ចំពោះលំហូរវិនិយោគផ្ទាល់ពីបរទេស ទៅកាន់បណ្ដាសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលមានសរុបចំនួនប្រមាណ៤២៧ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយឆ្នាំ ២០២១ ជាមួយនឹងការកើនឡើងកាន់តែលឿនរបស់ប្រទេស នៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ (២៥%)។

ក្នុងចំណោមការស្ដារឡើងវិញ សរុបប្រមាណ៣៧៣ពាន់លានដុល្លារ នៃលំហូរវិនិយោគផ្ទាល់ ពីបរទេសលើសកលលោក នៅឆមាសទីមួយនៃឆ្នាំ២០២១នេះ ៧៥% ត្រូវបានកត់ត្រាក្នុងប្រទេសអភិវឌ្ឍន៍។ បណ្ដាប្រទេសមានចំណូលខ្ពស់ បានបង្កើនរំហូរ FDI ប្រចាំត្រីមាសបានជាងពីរដង ធៀបទៅនឹងឆ្នាំ២០២០ ដែលជាកម្រិត ទាបបំផុត ខណៈដែលប្រទេសមានចំណូលមធ្យម ទទួលបានរំហូរ FDI កើនឡើងប្រមាណ ៣០% ហើយប្រទេសមានចំណូលទាបទទួលបានរំហូរ FDI កាន់តែថយចុះ ៩% បន្ថែមទៀត៕

លោក សុខ ចិន្តាសោភា៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដើម្បីទាក់ទាញលំហូរវិនិយោគ
102 Shares