កម្ពុជា សម្រេច​បើក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចំនួន ៣ ក្នុងតំបន់អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

​កម្ពុជា សម្រេច​បើក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី, ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ ឡើងវិញ​បន្ទាប់ពី​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​កន្លងមក។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​ បានឲ្យដឹងនៅ​ថ្ងៃទី​២៣ ខែតុលា​ ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចបើកជើងហោះហើរត្រង់នេះ គឺបន្ទាប់ពីសម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ជំនាញ ធ្វើការ​ពិនិត្យមើល​អំពី​លទ្ធភាព​ក្នុង​បើក​ជើងហោះហើរ​ឡើងវិញ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី និង​ហ្វីលីពីន​ជាដើម ដើម្បី​ទទួលភ្ញៀវ និង​អ្នកវិនិយោគ​មក​កម្ពុជា​។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការសម្រេចបើកជើងហោះហើរត្រង់នេះ ដើម្បី​ចូលរួម​ចំណែក​ការបើក​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ជា​ជំហានៗ​លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រក្រតីភាព​ថ្មី រួមទាំង​ការ​ស្តារឡើងវិញ នូវ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យនេះ។

គួររម្លឹកជូនថា រដ្ឋាភិបាលកម្ពុជា កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានសម្រេចផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន មកកាន់​​កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩៕