កោះឆ្នេរខ្សាច់ Phu Quoc របស់វៀតណាម ចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ត្រៀមបើកឡើងវិញ

អន្តរជាតិ
178 Shares

ប្រទេសវៀតណាម គ្រោងនឹងបើកកោះឆ្នេរខ្សាច់ Phu Quoc ឡើងវិញ ដល់ភ្ញៀវទេសចរបរទេស នៅចុងខែវិច្ឆិកា ខណៈដែលប្រទេសកំពុងរកវិធីដើម្បី​ស្តារសេដ្ឋកិច្ច​ បណ្តាលមកពី​ការ​ជាប់គាំងដោយសារវិបត្តិកូវីដ-១៩ ។

រដ្ឋាភិបាលកាលពី​ល្ងាចថ្ងៃសុក្រ បាននិយាយថា៖ “ ជើងហោះហើរជួល” សម្រាប់អ្នកដំណើរ​អន្តរជាតិ​ដែលមានលិខិតឆ្លង​ដែនវ៉ាក់សាំង ​នឹងត្រូវបាន​ស្វាគមន៍​មកកាន់​កោះ​នេះ។ បន្ទាប់ពីនោះ នៅចន្លោះចុងខែធ្នូ និងចុងខែមីនា ឆ្នាំ២០២២ កោះនេះមានបំណងទទួលបានភ្ញៀវបរទេសរហូតដល់ ៥០០០ នាក់​ តាម​ជើងហោះហើរ​ជួលស្រដៀងគ្នា។

ការដាក់ចេញវិធានការថ្មីធ្វើឡើង បន្ទាប់ពីប្រទេស​ថៃ បាននិយាយថា ​អ្នកទេសចរ​ដែល​បានចាក់វ៉ាក់សាំង​ពីប្រទេសជាង ៤០ នឹង​ត្រូវបានអនុញ្ញាតឲ្យចូល​មក ដោយ​មិនមានការដាក់​ឲ្យ​នៅដាច់ពី​គេចាប់​ពីថ្ងៃទី ១ ខែ​វិច្ឆិកា។

ខណៈដែលកម្ពុជា ក៏បានដាក់ផែនការថ្មី និងបើកប្រទេសបណ្តើរៗទៅតាមបែបបទគន្លងប្រក្រតីភាពថ្មី មានការប្រយ័ត្នប្រយែង ដោយសម្រេចបើក​ជើងហោះហើរ​ឡើងវិញ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី និង​ហ្វីលីពីន​ជាដើម ដើម្បី​ទទួលភ្ញៀវ និង​អ្នកវិនិយោគ​ចូលមក​កម្ពុជា​។

សូម​បញ្ជាក់​ថា កោះ Phu Quoc ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីប្រទេស​កម្ពុជា​ និងមានឆ្នេរខ្សាច់ស អមជាមួយទឹកថ្លា ព្រមទាំងភ្នំ និងព្រៃក្រាស់។ កោះនេះបានទាក់ទាញ​អ្នក​ទស្សនាប្រមាណ ៦៧០,០០០ នាក់ ​និង​ទទួលបានចំណូលជាង ១៨ ពាន់​លានដុល្លារ ​ពីការមក​ដល់​របស់​ភ្ញៀវអន្តរជាតិ​នៅឆ្នាំ ២០១៩ ដោយអាជ្ញាធរ​សង្ឃឹម​ថា​ នឹង​ប្រែ​ក្លាយ​វា​ទៅ​ជា​តំបន់​ទេសចរណ៍​មេកា ​ក្នុង​រចនាបថ​ដូច​ភូកេត​របស់ថៃ ​ឬកោះបាលីរបស់ឥណ្ឌូនេស៊ីដែរ។

ផែនការដើម្បីបើកកោះ Phu Quoc របស់វៀតណាម​ ដល់​ភ្ញៀវ​អន្តរជាតិកាល​ពី​ខែ​តុលា ​ត្រូវបានលុបចោល អាជ្ញាធរអះអាងថា មានអត្រាចាក់វ៉ាក់សាំង​ទាប ក្នុងចំណោមប្រជាជន។ ប៉ុន្តែប្រទេស​អាស៊ី​អាគ្នេយ៍មួយ​នេះ អស់សង្ឃឹមក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពី​មានការបិទ​ប្រទេស​ជា​ច្រើនខែ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩៕

កោះឆ្នេរខ្សាច់ Phu Quoc របស់វៀតណាម ចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ត្រៀមបើកឡើងវិញ
178 Shares