ល្បី​នៅខ្មែរ​មួយ​ប្រាវ ឥលូវ​មាន​ព័ត៌មាន​ជប៉ុនប្រកាស​ចង់នាំ​ពូជដំបង​យក្ស​ដាំ​នៅកម្ពុជា​ ​ផលិត​ជា​ចំណីអាហារ​និង​ទឹកផ្លែឈើ

សង្គម​និង​សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនមួយមានបំណងចង់​វិនិយោគដាំដំណាំដំបងយក្សនិងកែច្នៃជាចំណីអាហារនិងទឹកផ្លែឈើ។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នៅ​ថ្ងៃទី​២៥ ខែតុលាឆ្នាំ​២០២១ ដែល​បាន​ជួបពិភាក្សា​ជាមួយ​ដៃគូ​ជប៉ុន​​តាម​ប្រព័ន្ធ zoom។ 

ក្រុមហ៊ុន​ជប៉ុនមានបំណង​ចូលរួម​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​នៅ​តំបន់​ ដែល​បោសសំអាត​គ្រាប់មីន​រួចក្នុងនោះ​ក៏មាន​​​គម្រោង​ដាំ​ដំណាំដំបងយក្សនៅកម្ពុជាផងដែរ។ យ៉ាងណា​មិញ​ការប្រកាសពីគម្រោង​ដាំ​ដើម​ដំបង​យក្ស​ដើម្បី​ផលិត​ជា​ចំណីអាហារ និងទឹកផ្លែឈើ​នេះ ​មិនទាន់មាន​ព័ត៌មានលម្អិតយ៉ាងណានោះ​ទេ។ 

​បើ​​តាម​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ក្រុមហ៊ុន​ជប៉ុន​នេះមានពូជ​ដំណាំ​ដំបងយក្ស​ជាពិសេស​របស់គេ​សម្រាប់​ផលិត​ជា​ចំណីអាហារនិង​ទឹក​ផ្លែឈើ​ ខណៈផលិតផលនេះមាន​ទីផ្សារ​ធំ​ទូលាយរួចហើយ។ 

បើ​តាមប្រភព​ដដែល គម្រោង​​សាកល្បង​​នេះ​អាច​នឹង​មាន​សិក្សា​លំអិត​ពី​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច​និង​សង្គម​ឱ្យបាន​ច្បាស់លាស់​​បន្ថែម​ទៀត៕