លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ Elon Musk កើន​ទ្រព្យ​ ៣៦,២ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ វ៉ាដាច់​ Bezos ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក

អន្តរជាតិ
955 Shares

ថ្ងៃ​នេះ​អាច​រាប់​ថា​ជា​ថ្ងៃ​ជោគជ័យ​បំផុត​មួយ​សម្រាប់​មហាសេដ្ឋី Elon Musk ព្រោះ​គ្រាន់តែ​ទទួល​បាន​ការ​បញ្ជាទិញ​រថយន្ត ១០ ម៉ឺន​គ្រឿង​ពី​សំណាក់​ក្រុមហ៊ុន​ជួល​រថយន្ត​ខ្នាតយក្ស Hertz ភ្លាម តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Tesla ហក់​ឡើង​យ៉ាង​គំហុក​ឡើង​ដល់ ១ ០២៤,៨៦ ដុល្លារ​អាមេរិក។

ការកើន​ឡើង​នៃ​តម្លៃ​ភាគហ៊ុន​នេ ​ជួយ​ឲ្យ​ Tesla ក្លាយជា​ក្រុមហ៊ុន​អាមេរិក​ចុងក្រោយ​បង្អស់​ដែល​ស្គាល់​រសជាតិ​មូលធន​ទីផ្សារ​ខ្ទង់​ទ្រីលាន​ដុល្លារ ហើយ​សម្រាប់​ CEO ដូចជា Elon Musk ក៏​បាន​ផល​ចំណេញ​ពី​រឿង​នេះ​មិន​ស្ទើរ​ដែរ។

គិត​ត្រឹម​ថ្ងៃច័ន្ទ ភាគហ៊ុន​ Tesla ឡើង​ដល់ ១៣% និង​បាន​ជួយ​ឲ្យ Elon Musk ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​បាន​ក្លាយ​ជា​បុគ្គល​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​កំណើន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៣៦,២ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​កំណត់ត្រា​ដែល Bloomberg’s Billionaires Index ធ្លាប់​កត់ត្រា​ក្នុង​រយៈពេល​កន្លង​មក។

Bloomberng ពេលនេះ​បាន​សន្និដ្ឋាន​ថា ទ្រព្យសម្បត្តិ​សរុប​របស់ Elon Musk គឺ​អាច​ស្ថិតនៅ​ខ្ទង់​ប្រមាណ ២៨៨,៦ ពាន់​លាន​ដុល្លារ ដែល​ចំនួន​មួយ​នេះ​គឺ​អាច​ទិញ​ក្រុមហ៊ុន Toyota ដែល​ជា​ដៃគូ​ប្រជែង​បាន​ទាំងស្រុង​តែម្ដង ដ្បិត​មូលធនក្រុមហ៊ុន Toyota គឺ​មាន​តម្លៃ ២៨២ ពាន់​លាន​ដុល្លារ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ Elon Musk បាន​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លើលោក​នា​ពេល​បច្ចុប្បន្ន ខណៈ​កន្លង​មក​ងារ​មួយ​នេះ​តែង​មាន​ការ​ប្ដូរ​វេនគ្នា​គ្រប់គ្រង​រវាង​ CEO នៃ​ក្រុមហ៊ុន​ Tesla និង​ស្ថាបនិក Amazon, Jeff Bezos តែពេលនេះ បើសិន Bezos ចង់​ទទួល​បាន​ងារ​នេះ​មក​វិញ ក៏​រាងពិបាក​ដែរ​ ដ្បិត​ទំហំ​ទ្រព្យសម្បត្តិ​រវាង​អ្នកទាំង ២ គឺ​ឆ្ងាយ​គ្នា​ខ្លាំង​ហើយ ដោយ​ទ្រព្យសម្បត្តិ​របស់ Bezos មាន​សរុប ១៩២,៦ ពាន់​លាន​ដុល្លារ ស្របពេល Elon Musk មាន​ជិត ៣០០ ពាន់​លាន​ដុល្លារ៕

ប្រភព: businessinsider

លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ Elon Musk កើន​ទ្រព្យ​ ៣៦,២ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ វ៉ាដាច់​ Bezos ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក
955 Shares