ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖ លុយស្មើនឹងអារម្មណ៍ ប្រយ័ត្នក្លាយខ្លួនជាកូនបំណុលគេដោយអត់ដឹងខ្លួន

ជុំវិញ​ឧកញ៉ា

ក្នុងនាមជាអ្នកចែករំលែកនិយម ថ្មីៗនេះឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានលើកឡើងពីចំណុចរសើបមួយ ស្ដីពីចំណេះដឹងហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលមនុស្សមួយចំនួនអាចនឹងភ្លេចខ្លួន ឈានទៅប្រើប្រាស់លុយខុសក្បួន និងគ្មានផែនការចំណាយច្បាស់លាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់គម្រោងបុរី វិចិត្រដារ៉ា ជាប់ជើងភ្នំបាសិតរូបនេះ ពោលថា៖ “លុយស្មើនឹងអារម្មណ៍ សូមបងប្អូនប្រជាពលរដ្ឋទាំងឡាយ ចាយវាយដោយមានផែនការហិរញ្ញវត្ថុ ប្រយ័ត្នធ្លាក់ខ្លួនទៅជាកូនបំណុលគេ” ។

ក្នុងន័យនេះ លោកបានលើកឧទាហរណ៍ថា  មនុស្សមួយចំនួន ច្រើនតែប្រើអារម្មណ៍បែបអណ្ដែតអណ្ដូង ដើម្បីបំពេញចំណង់ផ្លូវអារម្មណ៍ លើការចាយវាយខុសខ្ទង់។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សមួយចំនួនទៀត បានធ្លាក់ខ្លួនជាកូនបំណុលគេ ដោយសារមិនទាន់ចេះគ្រប់គ្រងអារម្មណ៍ និងគ្មានចំណេះដឹងហិរញ្ញវត្ថុនេះឯង។

រត់ហាត់ប្រាណលើម៉ាស៊ីនបណ្ដើរ Live អិនធឺណេតចែករំលែកបទពិសោធន៍ស្ដីពីប្រធានបទ លុយ និងអារម្មណ៍ បណ្ដើរ ម្ចាស់គម្រោងបុរីផ្ទះវីឡាទោល  សាងសង់លើផ្ទៃដីជាង ៤ហិកតា ក្នុងតំបន់ដ៏មានសក្ដានុពល នៃខណ្ឌព្រែកព្នៅ រូបនេះថ្លែងទៀតថា៖ បងប្អូនខ្លះបណ្ដោយឱ្យអារម្មណ៍គ្រប់គ្រងលើការសម្រេចចិត្ត ហើយតែងតែគិតស្រមៃដល់សម្ភារៈ ដេញស៊េរី តាមគេតាមឯងភ្លេចខ្លួនថា កំពុងនៅត្រង់ចំណុចណា។

ប៉ុន្តែមិនមែនមានន័យថា សម្ភារៈនិយម ដូចជារថយន្តទំនើប ទូរស័ព្ទទំនើប សុទ្ធតែទាញយើងចូលទៅក្នុងបំណុលអាក្រក់ទាំងអស់នោះទេ។ ឧទាហរណ៍ថា អ្នកខ្លះទិញឡាន ដើម្បីគាំទ្រក្នុងទំនាក់ទំនងការងារ និងធ្វើទីផ្សារ ជាមួយអតិថិជន ឈានទៅជោគជ័យលើមុខរបរ ឬការងារណាមួយ ករណីនេះទោះគាត់បង់រំលស់ ឬខ្ចីលុយគេយកទៅទិញសម្ភារៈទាំងអស់នោះ ក៏មិនទាស់ខុសអីដែរ។

“ដូច្នេះចង់សល់លុយ មនុស្សគ្រប់គ្នាត្រូវមានវិន័យផ្ទាល់ខ្លួន ព្រោះវិន័យបង្កើតជាទម្លាប់ ហើយទម្លាប់នឹងបង្កើតយើង។ បន្ថែមពីនេះ គ្រប់គ្នាត្រូវចេះរៀបចំកញ្ចប់ផែននៃការចំណាយ កំណត់ខ្ទង់ចំណាយឱ្យម៉ឹងម៉ាត់ និងចេះទប់អារម្មណ៍ កុំឱ្យចាយតាមនឹកឃើញ។  ឧទាហរណ៍ថា ប្រាក់ខែ 300$-400$ ក្នុងចំណូលសរុប ១០០%ហ្នឹង យើងគួរតែបែងចែក និងកំណត់ការចំណាយជាប្រចាំ ដូចជា ៥០%ចំណាយប្រចាំខែទូទៅ ២០% ចំណាយតាមអារម្មណ៍ ២០%វិនិយោគ ១០% ចំណាយផ្សេងៗ ធ្វើបុណ្យ សប្បុរសធម៌ ជាដើម…”។ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សង្កត់ធ្ងន់បន្ថែម។

គន្លឹះមួយទៀត ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ពន្យល់បន្ថែមថា ករណីយើងដឹងខ្លួនឯងថា មិនពូកែខាងកាន់លុយជាប់ខ្លួន ដូច្នេះបន្ទាប់ពីរៀបផែនការរួច ត្រូវដាក់កំហិតខ្លួនឯង យកលុយចំណាយជាប់ខ្លួនប្រចាំថ្ងៃ ទៅតាមផែនការដែលយើងបានកំណត់ ដើម្បីកុំឱ្យចាយតាមអារម្មណ៍ ខុសខ្ទង់ទៀត។  

“ដូច្នេះលុយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា សុទ្ធតែចាំបាច់ត្រូវការលុយទាំងអស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរយើង ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ តាមផែនការ”។ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បញ្ជាក់៕