ជួប​អ្នក​ភូមិ​នៅ​ខេត្ត​កំពត​ផ្ទាល់ រំលែកបទពិសោធន៍ចិញ្ចឹម​គោ​មួយ​ខែ​ អាច​រក​ចំណូលមិន​ក្រោម​​ពាន់ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

មុខរបរចិញ្ចឹមគោរកចំណូលបានច្រើន ខណៈក៏​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​។ នៅ​ភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ការ​ចិញ្ចឹមគោ គឺជាមុខ​របរបន្ថែម​ដែល​អាច​រក​ចំណូលរាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ក្រៅ​ពី​មុខ​​របរ​ធ្វើ​ស្រែ​ចម្ការត​ពី​​ដូន​តាមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ លាង សុភាព ក្នុង​ចំណោមកសិករ​ជាច្រើ​ន​នាក់​ទៀត ដែល​ប្រកប​របរ​ចិញ្ចឹម​គោ​លក់​ បាន​ប្រាប់​ឧកញ៉ាញូស៍​ថា របរនេះត្បិត​មានភាពនឿយហត់ តែវាទទួលបានចំណូលច្រើនគួរសមដោយ មិនចាំបាច់ទៅធ្វើការឆ្ងាយនោះទេ ។ ចំណូល​អាច​រក​បាន​ប្រមាណជាង ១ ពាន់ដុល្លារ ក្នុងមួយខែ ឬ ចន្លោះមួយម៉ឺន ទៅពីរម៉ឺន ដុល្លារ ពីមុខរបរចិញ្ចឹមគោបំប៉នយកសាច់នេះ ។

បើ​តាម​កសិករ​រូប​នេះ​ មុខរបរចិញ្ចឹមគោមាន ពីរយ៉ាងគឺ ចិញ្ចឹមគោបំប៉នយកសាច់ មានន័យថា គេយកគោវ័យជំទង់ មាឌតូច ស្គម ឬអសមត្ថភាពបន្តពូជយកទៅឲ្យសុីចំណី ដែលមានសមាសធាតុផ្សំគុណភាពខ្ពស់ ងាយដល់ការលូតលាស់ធំធាត់ដោយប្រើរយៈពេលខ្លី។ មួយ​ទៀត​ ចិញ្ចឹមគោយកកូនគឺការចិញ្ចឹមផ្ដោតទៅលើការបង្កាត់ពូជគោ ការរក្សារទុកពូជគោ និងការបង្កើនចំនួនគោ។

ចំពោះការការចិញ្ចឹមគោយកសាច់ ត្រូវការពេលវេលា ថែទាំ យ៉ាងច្រើន ៣ ខែប៉ុណ្ណោះ ហើយសត្វគោទាំងនោះត្រូវបានលក់ទៅ​ទី​កន្លែងសត្តឃាតនៅក្នុងខេត្តកំពត ឬភ្នំពេញ ដែលតម្លៃគោរលក់ចេញ ១៤ ៥០០រៀល ក្នុងមួយគីឡូក្រាម និងពេលទិញចូលតម្លៃ ១៣ ៨០០រៀល ក្នុងមួយគីឡូក្រាម ។

អ្នកស្រុកកំពត​រូប​នេះ​បានបន្ថែមទៀតថា សត្វគោមានភាពងាយស្រួលចិញ្ចឹម ជាងសត្វផ្សេងទៀត ព្រោះវាមិនសូវឈឺដូចជាជ្រូក ឬមាន់នោះទេ។ ដើម្បីចិញ្ចឹមគោបានល្អពេលទិញមកដំបូង ត្រូវទុកវាដាច់ដោយឡែកក្នុងរោងផ្ស៊ាំវា ចំនួន ១៥ ថ្ងៃសិន។ បន្ទាប់​មក​ត្រូវចាក់ថ្នាំឲ្យវាដូចជា Vitamin B Complex បានមួយអាទិត្យត្រូវចាក់ អាយវ៉ាមិច និង ចាក់ថ្នាំ Vaccination ផ្សេងៗទៀត។

ចំណែកស្មៅវិញគឺដាំស្មៅប្រភេទ King Grass ព្រោះ វាជាស្មៅងាយស្រួលដាំ ងាយលូតលាស់ និងស្រួលកាត់។ ការចិញ្ចឹមគោបំប៉នយកសាច់ មិនពិបាកនោះទេ គ្រាន់តែចេះដាំស្មៅ និងលាយចំណីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឲ្យ វាស៊ីជាការស្រេច។ រី​ឯការដាំស្មៅទៀតសោត ក៏មិនជាការលំបាកដែរ គឺគ្រាន់រកដីទួលមិនលិចទឹក និងត្រូវមានទឹកស្រោចជាប្រចាំប៉ុណ្ណោះ។ ស្មៅដាំតែម្តង កាត់បាន​រហូត ហើយបើដាំស្មៅបានច្រើន ក៏​មិនសូវប្រើចំណីបន្ថែមដែរ​។ ចំពោះចំណីក៏រាល់ថ្ងៃវិញ គឺឲ្យគោស៊ីដែលស្មៅដែលដាំបានហើយ ត្រូវលាយជាមួយចំណីសម្រេច កាកសំណល់ពីការផលិតស្រាបៀរ និងដំឡូងមី ដើម្បីឲ្យគោលូតលាស់បានល្អ និងឆាប់បានលក់។ លោក​ លាង សុភាព បន្ថែម។

មានសក្កានុពល ហើយមានការរីចម្រើនយ៉ាងរហ័ស កសិករខ្មែរអាចរកជំណូលបានច្រើន ការចិញ្ចឹមគោយកសាច់ មានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្លៃសាច់គោក៏ខ្ពស់ជាងសាច់ជ្រូក មាន់ ទារផងដែរ។

ដោយ​មើលឃើញ​ការងារ​ចិញ្ចឹម​គោ​អាច​រកចំណូល​បានច្រើន លោកលាង សុភាព បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​មួយចំនួនដែលធ្លាប់ទៅធ្វើជាពលករនៅប្រទេសក្រៅដូចជា កូរ៉េ ជប៉ុន ថៃ ជាដើម ក្រោយពីត្រឡប់មកវិញបានបោះទុនលើការចិញ្ចឹមគោ​ជាលក្ខណៈគ្រួសារ និងមានជាកសិដ្ឋានផ្ទាល់ខ្លួន។ កសិករខ្លះផ្តើមចេញពីការចិញ្ចឹមគោពីរបីក្បាល រហូតដល់មានគោក្នុងក្រោលរាប់សិបក្បាល ហើយបានលក់ចេញស្ទើររាល់ខែ។

ការចិញ្ចឹមគោនេះដែរ ក៏​ទទួលបាន​ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសពីមន្ត្រីជំនាញកសិកម្ម​ដូចជា​ការធ្វើអនាម័យ ការចាក់ថ្នាំការពារស្របតាមប្រក្រតិទិន ធ្វើការទម្លាក់ព្រូន និងការ​បង្កើនការដាំស្មៅដំណាំចំណីសត្វ ដើម្បីបង្កើនគុណភាពសាច់ផងដែរ ។

កសិករឡេង​ សុភាព​ បាន​បន្ត​ថា ដោយសារតែមុខរបរចិញ្ចឹមគោបានធ្វើឱ្យជីវភាពគ្រួសារ​ជាច្រើន​មានភាពប្រសើរជាងមុន ហើយអ្នក​ភូមិ​បាន​នាំគ្នា​ចិញ្ចឹម​គោ​ ​ក្លាយជាមុខ​របរ​ដ៏សំខាន់សម្រាប់​ទ្រទ្រង់ការ​រស់នៅ​​ប្រចាំថ្ងៃបន្ថែម​ពី​លើ​មុខរបរធ្វើស្រែចម្ការ៕