រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរ ឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែតុលា ម្សិលមិញ ជាមួយតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាលតារាសាគរ នាចុងខែវិច្ឆិកាខាងមុខនេះ។

ក្រុមហ៊ុនវិស្សមកាលតារាសាគរ អះអាងថា ក្រុមហ៊ុននឹងប្តេជ្ញាខិតខំធ្វើឱ្យបានឆាប់រួចរាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ខណៈបច្ចុប្បន្ន សម្រេចការសាងសង់ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ។

គួររម្លឹកថា ព្រលាននេះនឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បងនៅដើមខែមករា ឆ្នាំ២០២២ខាងមុខ នឹងអាចបើកជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះអគារនេះ មានលទ្ធភាពទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំផងដែរ។

បើតាមលោក ថោង ខុន ផែនការរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង គឺដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន «ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព» ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីអាចទាក់ទាញ ភ្ញៀវទេសចរមកទស្សនាឱ្យបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួលនូវភ្ញៀវទេសចរអន្តរជាតិនោះទេ ភ្ញៀវទេសចរផ្ទៃក្នុង ក៏អាចមកសម្សាន្តកន្លែងដែលមានផាសុខភាពនេះផងដែរ ខណៈពេលបច្ចុប្បន្ននេះភ្ញៀវទេសចរផ្ទៃក្នុងក៏ពុងតែចាប់ផ្តើមធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅទេសចរ។

ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកសម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុខភាពសម្រាប់ភ្ញៀវផងដែរ៕