លើកទី១ កម្ពុជាបានឈ្នះពានរង្វាន់ កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជីថល

សង្គម​និង​សេដ្ឋកិច្ច

ប្រព័ន្ធ QR Code Stop Covid ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចសហការភាគខាងត្បូង (UNOSSC) ដែលជាស្ថាប័នរបស់អង្គការសហប្រជាតិទទួលបន្ទុកលើវិស័យ ទូរគមនាគមន៍ និងឌីជីថល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះគឺជាលើកទី១ ដែលកម្ពុជាបានឈ្នះពានរង្វាន់ កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជីថល ហើយក៏ជាជោគជ័យដ៏អស្ចារ្យដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនូវកម្មវិធីឌីជីថល ដែលមាន ការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។

កម្មវិធីនវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ គឺជាកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្រិតសកល ផ្តល់ជូនប្រទេសសមាជិក ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតដំណោះស្រាយផ្នែកឌីជីថល អនុញ្ញាត ឱ្យសហគមន៍ ស្ថាប័ន និងប្រជាពលរដ្ឋរបស់ខ្លួន អាចប្រើប្រាស់ដើម្បីដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាត នៃជំងឺរាតត្បាតបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កម្មវិធីនេះ មានការចូលរួមប្រកួតដោយ ២៥០ ស្ថាប័ននៅជុំវិញពិភពលោក ហើយកម្ពុជា ដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាតំណាង ក៏បានយកប្រព័ន្ធ QR Code Stop Covid ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងជំរុញឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់ ដើម្បី គ្រប់ ស្ថាប័ន អង្គភាព សហគ្រាស ក្រុមហ៊ុន និងប្រជាពលរដ្ឋអាចប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធីនេះ។ ប្រព័ន្ធនេះ ក៏បានក្លាយជាប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល Stop QR Code Vaccine” ដែលប្រើសម្រាប់ពហុគោលបំណងទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។

ការទទួលបានជ័យលាភីនេះ កម្ពុជានឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ចំនួន ២០.០០០ ដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ក្នុងការពង្រីកបន្ថែមប្រព័ន្ធឱ្យកាន់តែទូលំទូលាយ ជាពិសេសគឺការទទួលបានការអញ្ជើញ ចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនដែលរៀបចំដោយ សហភាពសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធ របស់កម្ពុជាយើង ជូនដល់បណ្តាប្រទេសដទៃទៀតសម្រាប់យកជាគំរូផងដែរ៕