កម្ពុជាសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ ក្រោយរងវិបត្តិកូវីដជាង ២ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល សម្រេចបើកសង្គម សេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ០២ឆ្នាំ កន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ០៦ ឆ្នាំ​ឡើង និង​ប្រកាស​បើក​យុទ្ធនា​ការ ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដល់​កុមារ​អាយុ ០៥ ឆ្នាំ នៅព្រឹកនេះ សម្តេចតេជោ​ ហ៊ុន សែន បានប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់​ពី​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ​តទៅ​ ស្រប​ពេលដែល​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ទាំង​អស់ បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​​នេះជា​មួយ​គ្នា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ថ្ងៃនេះ​ យើង​ក៏ដូចជា​ចាប់ផ្តើម​នូវ​ការបើក​ប្រទេស​ឡើងវិញ បើទោះបីថា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​ការរៀបចំ​ដំណើរការ​នៃ​ការបើក​ប្រទេស​នេះ ត្រូវបាន​ទាក់ទិន​ជាមួយនឹង​ការអភិវឌ្ឍ​សង្គម​របស់​យើង យើង​នឹងដាក់​បន្ថែម​នៅពេល​ក្រោយ។

បើតាមសម្តេចតេជោ កម្ពុជា​បានធ្វើការ​សាកល្បង​រួចមកហើយ​ កាលពី​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ទាក់ទិន​នឹង​ការសាកល្បង​ដ៏​ធំ ហើយ​បន្ទាប់​ពី​ការសាកល្បង​នេះ​ ក៏​អាចឱ្យ​មានការ​វាយតម្លៃ​បាន​ ថា​តើ​គួរតែ​ទៅមុខ​ឬ​ទៅក្រោយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលាម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង ១០លាន រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង៕