អាម៉េរិក-អ៊ឺរ៉ុប បង្កភាពតានតឹង​ខ្លាំង​នឹងគ្នា ៣ឆ្នាំ ត្រូវបានបិទបញ្ចប់នូវជម្លោះដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម

អន្តរជាតិ
154 Shares

​អតីត​ប្រធានាធិបតី លោក ​ដូណាល់ ត្រាំ មុនចាកចេញពីដំណែងបានបន្សល់ទុកនូវជម្លោះដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ខណៈក្នុងកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូម ​ប្រទេស​អ៊ីតាលី នា​ថ្ងៃ​អាទិត្យ​ ទី៣១ ខែតុលាម្សិលមិញ អាមេរិក ​និង​សហភាពអឺរ៉ុប ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះដែល​នាំ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​សម្ព័ន្ធមិត្ត​ទាំងពីរ​តានតឹង​ខ្លាំង​នឹងគ្នា​ក្នុង​រយៈពេល ៣ឆ្នាំកន្លង​មកនេះ​។​

គួររម្លឹកថា​ កាលពីខែមិថុនា ឆ្នាំ ២០១៨​ រដ្ឋបាល​អាមេរិក​របស់​លោក ដូ ណាល់ត្រាំ បានប្រកាស​ដំឡើង​ពន្ធ​លើ​ដែកថែប ២៥% និង​អាលុយមីញ៉ូម១០% ដែល​នាំ​ចូល​ទៅ​អាមេរិក ពីប្រទេស​មួយចំនួន​ រួមមាន​ទាំង​សហភាពអឺរ៉ុប​ដែល​ជា​មិត្តនឹងគ្នាផង​។ ជាមួយគ្នានេះ សហភាពអឺរ៉ុប​ បាន​វាយ​បក​វិញ​យ៉ាង​ឆាប់​រហ័សដោយចាត់វិធាន​ការសំដៅយកពន្ធខ្លាំង​លើផលិតផលរបស់អាមេរិកមានជាអាទិ៍​ម៉ូតូធំ​ ស្រា​ ថ្នាំ​ជក់​ ពោត​ អង្ករ​ និង​ទឹក​ក្រូច​​។

កិច្ច​ព្រមព្រៀង​ខាងលើ​ត្រូវ​បាន​ប្រកាស​ជាផ្លូវការ​នៅទីក្រុងរ៉ូម​ ដោយ​លោក​​ ចូ បៃដិន ប្រធានាធិបតីអាមេរិក​ នៅឯ​សន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​ប្រធាន​គណៈកម្មការអឺរ៉ុប​លោកស្រី​ អួរស៊ូឡា​ វ៉ុនឌែរ​ ឡេយែន​។

លោក បៃដិន​ បាននិយាយថា​ កិច្ចព្រមព្រៀង​ជាមួយ​សហភាពអឺរ៉ុប​បាន​ទៅដក​ចេញ​ភ្លាមៗ​នូវ​ពន្ធ​លើ​ដែកថែប​ និង​អាលុយមីញ៉ូម​នាំចូលពី​សហភាពអឺរ៉ុប​ដែល​ត្រូវ​បាន​ប្រកាស​ដំឡើង​យក​ពន្ធ​ដោយ​រដ្ឋបាល​របស់​លោក​ ដូណាល់ ត្រាំ​ ក្នុង​ឆ្នាំ ២០១៨​។

ជាការឆ្លើយតប​ សហភាពអឺរ៉ុប ​បាន​សម្រេចដកចេញវិញនូវវិធានការ​យកពន្ធច្រើន​លើផលិតផល​នាំ​មកចូលពី​អាមេរិក​ មានដូចជា ​ស្រា whiskey ម៉ូតូធំ (Harley-Davidson) និងទូក​ម៉ូតូដែលមានល្បឿនលឿនជាដើម​៕

អាម៉េរិក-អ៊ឺរ៉ុប បង្កភាពតានតឹង​ខ្លាំង​នឹងគ្នា ៣ឆ្នាំ ត្រូវបានបិទបញ្ចប់នូវជម្លោះដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម
154 Shares