អ្នកជំនួញបង្ហាញសុទិដ្ឋិនិយមខ្លាំងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបើកប្រទេស

ជុំវិញ​ឧកញ៉ា
523 Shares

រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃចន្ទ ទី១ ខែវិច្ឆិកានេះ សម្រេចបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ ដោយរស់នៅតាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ ភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា ៤សំខាន់ ទី១ ទទួលបាននូវភាពជោគជ័យលើការចាក់វ៉ាក់សាំង ទី២ រាជរដ្ឋាភិបាលបានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវ ទី៣ បទពិសោធន៍នៃការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ និងទី៤ ពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ-១៩ ។

សម្តេចតេជោ បានប្រកាសដល់ប្រជាពលរដ្ឋឱ្យរៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យផ្ទាល់ខ្លួន និងវិធានាការ៣កុំ, ៣ការពារ ព្រមទាំងការចាប់ផ្តើមនូវប្រក្រតីភាពឡើងវិញ ស្ថានភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍។

ជាមួយគ្នាដែល អ្នកជំនួញដែលកំពុងប្រឡូកក្នុងវិស័យសំណង់ និងអចលនទ្រព្យ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ បានលើកឡើងថា នេះជាការបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជា អាចរស់នៅបានជាមួយស្ថានភាពធូរស្បើយឡើងវិញនៃជំងឺកូវីដ-១៩ ព្រោះជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនភាគរយជាងគេនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។

លោកបន្ថែមថា នេះអាចបញ្ជាក់បានថា សម្តេចតេជោមានភាពវាងវ័យក្នុងការដឹងនាំ និងប្រកបទៅដោយគតិបណ្ឌិត។ ខ្ញុំសូមផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋសូមតស៊ូព្យាយាមសារជាថ្មីដើម្បីពង្រឹកអាជីវកម្មរបស់បងប្អូន ក៏ដូចជាចូលរួមបង្កើននឹងលើកកំពស់សេដ្ឋកិច្ចប្រទេសកម្ពុជារបស់យើងផងដែរ។

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដោយជោគជ័យរបស់រាជរដ្ឋាភិបាល គឺមានលទ្ធភាពឈានដល់ការបើកដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ហើយដំណើរការ សង្គម និងសេដ្ឋកិច្ចបានល្អផ្តល់ផលប្រយោជន៍ជាច្រើននាំមកនូវកំណើនចំណូលពន្ធរដ្ឋ និងថវិកាជាតិ។

ចំណែក អ្នកជំនួញកំពុងឈរជើងក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បង្ហាញការយល់ឃើញថា ការបើកប្រទេសឡើងវិញ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា។ ខ្ញុំគិតថា វាជាពេលវេលាសមគួរដែលរដ្ឋាភិបាលបើកប្រទេសដែរ ដោយសារតួលេខនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានអត្រាច្រើនជាងគេនៅតំបន់អាស៊ី។

អ្នកជំនួញរូបនេះបានគូសបញ្ជាក់ថា ពាក់ព័ន្ធជាមួយនឹងការដែលបើកប្រទេសសាកល្បងក្នុងអំឡុងពេលភ្ជុំបិណ្ឌយើងទទួលបានផលវិជ្ជមានមកច្រើនមែនទែន ចំណែកការឆ្លងមិនមានការរីករាលដាលខ្លាំង។ ត្រឡប់មកវិញទាំងវិស័យឯកជន និងរដ្ឋប្រជាជនយើងមានការយល់ដឹងច្រើនក្នុងការរស់នៅជាមួយកូវីដ-១៩ តាមបែបទគន្លងប្រក្រតីថ្មី ដោយមានប្រុងប្រយ័ត្នខ្ពស់។

លោកថា ប្រសិនបើយើងមិនមានការបើកប្រទេសវិញទេ វាអាចនឹងជះហានិភ័យខ្ពស់សម្រាប់សេដ្ឋកិច្ច ព្រោះវិស័យមួយចំនួនកំពុងរងផលប៉ះពាល់ខ្លាំង សូម្បីប្រជាជនយើងការងារក៏ធ្លាក់ចុះ ហើយសេដ្ឋកិច្ចគ្រួសារជួបបញ្ហាលំបាក។ ទន្ទឹមនឹងនោះ សម្រាប់ខ្ញុំពិតជារីករាយ និងអរគុណរាជរដ្ឋាភិបាលដែលបានពន្លឿននៃការបើកប្រទេសឡើងវិញ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចអនុញ្ញាត ឲ្យអ្នកធុរកិច្ចរបស់កម្ពុជា ដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកកម្ពុជាវិញ អាចធ្វើចត្តាឡីស័កនៅតាមផ្ទះបាន ដោយចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សម្តេចតេជោ បញ្ជាក់ថា អ្នកធ្វើធុរកិច្ចខ្មែរយើងមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅសណ្ឋាគារនាំតែពិបាកទេ អ្នកដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ អាចធ្វើទៅបានដោយមិនចាំបាច់សុំច្បាប់សម្តេចនោះទេ ហើយអ្នកធុរកិច្ចតម្រូវឲ្យធ្វើចត្តាឡីស័កតែ៣ថ្ងៃទេ គិតទាំងអ្នកធុរកិច្ចទាំងក្នុងស្រុក និងមកពីក្រៅ៕

អ្នកជំនួញបង្ហាញសុទិដ្ឋិនិយមខ្លាំងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបើកប្រទេស
523 Shares