ខេត្ត​កំពតមាន​កំពង់ផែដល់​ទៅ ៤ ខណៈកំពង់ផែ​អន្តរជាតិមួយ​​នឹង​រួចរាល់នៅចុងឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ខេត្តកំពត​មាន​កំពង់ផែចំនួន៤ ដែលកំពុង​ដំណើរការ​សាងសង់​។ កំពង់ផែទាំង ៤ នោះ​គឺ​ទី១.កំពង់ផែឧកញ៉ា វិញ ហួរ ដែលមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២.កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣.កំពង់ផែរបស់លោក​ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ ចេញចូលប្រទេសថៃ និងទី៤.គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលក្រោម​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ​​​គ្រោង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០២១។ ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​៤​ហិកតា​ គឺជា​កំពង់ផែទេសចរណ៍អន្តរជាតិ ដែល​អាចផ្ទុកអ្នកដំណើរប្រមាណ ១ លាននាក់ ដែល​បម្រើវិស័យទេសចរណ៍ខេត្តជាប់សមុទ្រមួយនេះ ។ កំពង់ផែនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% និងការងារអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១ ខាងមុខនេះ ។

ដោយឡែក​កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព ក៏​បាន​សម្រេច​បាន​លទ្ធផលមួយ​ចំនួន។ នេះបើ​លោកស៊យ ស៊ីណុលប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​លើក​ឡើង​ក្នុង​វេទិការ​វឌ្ឍនភាព​ខេត្តក្រុងកន្លងទៅនេះ។

គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន​ ទ្រី ភាព គ្រុប របស់អ្នក​ឧកញ៉ា ទ្រី ភាព ដែល​មានសមត្ថភាពឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញ ចាប់ពី ១ម៉ឺន​តោន​ ដល់ ៣ម៉ឺនតោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន។

ចំណែក​កំពង់ផែរបស់អ្នក​ឧកញ៉ា​វិញ ហួរ បានចុះកិច្ចសន្យាសហការសាងសង់​ជាមួយ​ក្រុមហ៊ុន CRCC harbor & Channel Engineering ដែល​បាន​បើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ជំរៅ ១៤ម ស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ដោយឡែកកំពងផែក​លោកជំទាវ កែវ ម៉ាលី កំពុង​បន្ត​ដំណើរការទៅមុខ​​ បើទោះជាលោកជំទាវ​បានទទួលមរណភាពកាលពីខែតុលា ឆ្នាំ២០២០។ ​​គម្រោង​អភិវឌ្ឍកំពង់ផែលោកជំទាវ កែវ ម៉ាលី ​នឹង​ប្រែ​ក្លាយ​​ទៅជាគម្រោងអភិវឌ្ឍន៍ «មហាសមុទ្រទេសចរណ៍កំពត»  ដូច​ជា សាង​សង់​កំពង់ផែ មណ្ឌល​លំហែ​កាយ ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម៕