ត្រឹម ២% នៃ​ទ្រព្យសម្បត្តិ​​ Elon Musk ជួយ​ជីវិត​មនុស្ស​ប្រមាណ ៤២ លាន​នាក់​ពី​ភាព​អត់​ឃ្លាន​

អន្តរជាតិ
1.1K Shares

​ថ្មីៗនេះ លោក Elon Musk បាន​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ​ច្រើនជាង ៣០០ ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ​គឺ​វ៉ាដាច់​លោក Jeff Bezos ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជិត ២០០ ពាន់​លាន​ដុល្លារ។

ការ​កើនឡើង​យ៉ាង​គំហុក​នៃ​ទ្រព្យសម្បត្តិ​របស់ CEO ក្រុមហ៊ុន​ Tesla គឺ​ដោយសារ​ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ​មានការ​កើនឡើង​ខ្លាំង បន្ទាប់ពី​ Hertz និង Tesla បាន​ចុះ​លិខិត​ព្រមព្រៀង​ទិញ​លក់​រថយន្ត​ចំនួន​ ១ សែន​គ្រឿង​។

ថ្នាក់​ដឹកនាំ​ម្នាក់​នៅ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ​ (WFP) បាន​ទម្លាយ​ឲ្យ​ដឹងថា ទឹកប្រាក់​ប្រមាណ​ត្រឹម ២% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់ Elon Musk គឺ​អាច​ជួយ​ជីវិត​មនុស្ស​ប្រមាណ ៤២ លាន​នាក់​ពី​ភាព​អត់​ឃ្លាន​បាន។

គ្រាន់តែ​ឮនៅពេល ​WFP ​បង្ហើប​ថា ទឹកប្រាក់ ៦ ពាន់​លាន​ដុល្លារ​គឺ​អាច​ជួយ​មនុស្ស​ដល់​ទៅ ៤២ លាន​នាក់ បាន​លឺ​ដល់​ត្រចៀក Elon Musk ហើយ​លោក​ក៏​រីករាយ​នឹង​ជួយ​ដូចគ្នា​ក្រោម​លក្ខខណ្ឌ​មួយ​។

បើ​តាម​ការ​សរសេរ​បង្ហោះ​សារ​នៅ​លើបណ្ដាញ​សង្គម​ Twitter ផ្ទាល់​ខ្លួន បុរស​មាន​ទ្រព្យ​ច្រើន​បំផុត​លើលោក​បាន​ឆ្លើយតប​ថា បើសិន​ជា WFP អាច​រៀបរាប់​អំពី​គម្រោងការ​អំពី​ការ​ចំណាយ​ប្រាក់ ៦ ពាន់​លាន​ដុល្លារ ជួយ​ដល់​វិបត្តិ​អត់ឃ្លាន​ពិភពលោក​បែបណា​បាន លោក​រីករាយ​លក់​ភាគហ៊ុន Tesla ឥឡូវ​នេះ ​ជួយ​ភ្លាមៗ​តែម្ដង។

លោក​ក៏​បាន​បន្ត​ទៀត​ដែរ​ថា ការ​ចំណាយ​ទាំង​អស់​នៃ​ប្រាក់​ ៦ ពាន់​លាន​ដុល្លារ​នោះ ត្រូវតែ​ធ្វើ​ និង​ដាក់​ប្រកាស​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​ទាំងអស់​បាន​ឃើញ​ជាក់ស្ដែង​អំពី​ស្បៀងអាហារ​ដែល WFP គ្រោង​ចំណាយ​ទៅ​លើ។

បញ្ជាក់​ដែរ​ថា ទឹកប្រាក់ ៦ ពាន់​លាន​ដុល្លារ​នេះ មិនអាច​ដោះស្រាយ​វិបត្តិ​អត់ឃ្លាន​ទូទាំង​ពិភពលោក​បាន​ឡើយ គ្រាន់តែ​ថា​វាក៏​អាច​ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាជន​ទូទាំង​សកលលោក​បាន​ដល់​ទៅ ៤២ លាន​នាក់ គឺ​អាច​រាប់​បាន​ថា ជា​ចំណែក​ដ៏​ធំ​មួយ​ណាស់​ទៅ​ហើយ៕

ប្រភព: People

ត្រឹម ២% នៃ​ទ្រព្យសម្បត្តិ​​ Elon Musk ជួយ​ជីវិត​មនុស្ស​ប្រមាណ ៤២ លាន​នាក់​ពី​ភាព​អត់​ឃ្លាន​
1.1K Shares