លោកស្រី ខៀវ សស៊ីលៀប បោះទុន ១៦០ លានដុល្លារ វិនិយោគលើរោងចក្រផលិតស្រាបៀរ ហនុមាន

អាជីវកម្ម
1.4K Shares

ថ្មីៗនេះ រោងចក្រផលិតស្រាបៀរ ហនុមាន ត្រូវបានប្រកាសដាក់ឲ្យលក់នៅលើទីផ្សារ ជាមួយនឹងយុទ្ធសាស្រ្តទីផ្សារផ្សព្វផ្សាយខ្លាំងមែនទែនទៅនៅតាមស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ជាមួយការបោះវិនិយោគទុនរហូតដល់ ១៦០ លានដុល្លារ ដោយមានច្ចេកវិទ្យាទំនើបចុងក្រោយពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ព្រមទាំងមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង ១.៦០០កន្លែង។

បន្ថែមលើនេះ ក្រុមហ៊ុន មានការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៃកម្ពុជា ខណៈទិសដៅរបស់រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

នាយកប្រតិបត្តិក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក Chas GESCHKE បានឲ្យដឹងថា៖ «បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច»។

លោកថា នៅទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន ហើយយើងពិតជាមោទកភាពក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ។

ជាមួយគ្នានេះដែល លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន»។

បើតាមលោកស្រី ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព ដែលផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក៕

លោកស្រី ខៀវ សស៊ីលៀប បោះទុន ១៦០ លានដុល្លារ វិនិយោគលើរោងចក្រផលិតស្រាបៀរ ហនុមាន
1.4K Shares