​របាយការណ៍ រយៈពេល ០៩ ខែ ឆ្នាំ​២០២១ គម្រោង​ទុន​វិនិយោគ​នៅកម្ពុជា ថយ​ចុះ​ជាង ៣ ពាន់​លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

បើ​យោង​តាម​​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ក្នុង​រយៈពេល​៩​ខែ​គិតពី​ខែមករា​ដល់​ខែកញ្ញា ២០២១ បានអនុម័ត​គម្រោង​វិនិយោគសរុប​ចំនួន ១៣៤ គម្រោង​ គិត​ជា​ទុនវិនិយោគ​មាន​ជាង ៣.៣ ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​មាន​ចំនួន ១៨៨ គ្រោង​មាន​ទុនវិនិយោគ​សរុប ជាង ៦.៤ ពាន់​លាន​ដុល្លារ​គឺមាន​ការថយចុះ​ប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបានបង្ហាញថា​ ៩ ខែ​ឆ្នាំ​២០២១​នេះ​ការ​វិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​១០១​គម្រោង សរុប​ទុន​វិនិយោគ ១.៤​ពាន់​លាន​ដុល្លារ​ និង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ៣៣ គម្រោង​សរុប​ទុនវិនិយោគ ១.៩​ពាន់​លាន​ដុល្លារ។ គម្រោង​វិនិយោគ​នេះ​ផ្តោតលើ​វិស័យ​មួយចំនួនដូចជា​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មា​ន​ចំនួន​១២​គម្រោង​,​ឧស្សាហកម្ម​​មាន​ចំនួន ១១១ គម្រោង​ ទេសចរណ៍​មាន​ចំនួន​២​គម្រោង​ និង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្សេងៗ​មាន​ចំនួន​៩​គម្រោង​។

បើតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដដែល ​គម្រោង​វិនិយោគទាំំង ១៣៤ គម្រោង​​ភាគច្រើន​ផ្តោត​លើ​​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី ទោចក្រយានយន្ត រោងចក្រ​ដំឡើង​ទោចក្រយានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី រោងចក្រ​ផលិត​អគ្គិសនី​ដើរ ថាមពល ព្រះអាទិត្យ និង​ធ្យូង ថ្ម រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម សណ្ឋាគារ និង​រោងចក្រ​ផលិត​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ទៀត ។ គម្រោង​ទាំងនេះ​ភាគច្រើន​មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង កំពង់ឆ្នាំង​ជាដើម​។

គួរបញ្ជាក់ថា កម្ពុជា​បាន​ដាក់​ឲ្យប្រើប្រាស់​ច្បាប់ស្តីពីវិនិយោគថ្មី សំដៅការទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឲ្យមាន គុណភាព ប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ច្បាប់វិនិយោគថ្មីនេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាននិងប្រកបដោយភាពអំណោយផលដែលអាចទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឲ្យមានគុណ ភាព ប្រសិទ្ធភាព ប្រសិទ្ធផល សំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕