Elon Musk បំបែក​កំណត់ត្រា​ជិតមួយសតវត្ស​ ងារ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​

អន្តរជាតិ
284 Shares

បច្ចុប្បន្ន Elon Musk បាន​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ ដោយ​បាន​វ៉ាដាច់​លោក Jeff Bezos ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Amazon ធ្លាប់កាន់តំណែងអ្នកមាន​កំពូល​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

យ៉ាងណា បើ​មើល​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ទៅ CEO ក្រុមហ៊ុន Tesla មួយរូប​នេះ​មិន​ត្រឹម​តែ​ជា​មហាសេដ្ឋី​មាន​បំផុត​នាពេល​បច្ចុប្បន្ន​ឡើយ ពោល​គឺ​លោក​ក៏​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ គឺ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ផង​ដែរ។

កន្លង​មក​បុគ្គល​ដែល​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​គឺ លោក John D. Rockefeller ដែល​បាន​ចែកឋាន​ទៅ​កាលពី​ឆ្នាំ ១៩៣៧ នៅ​អាយុ ៩៨ ឆ្នាំ ខណៈ​លោក​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នកជំនួញ​ល្បី​ឈ្មោះ​ក្នុង​វិស័យ​ប្រេងឆៅ រហូត​ក្លាយជា​អ្នកផ្គត់ផ្គង់​ប្រេង​ផ្ដាច់មុខ​ទូទាំង​ពិភពលោក​នា​សម័យ​នោះ។

សម្រាប់​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក​វិញ​គឺ​មិនត្រូវ​បាន​គេ​ដឹង​ពី​ចំនួន​ជាក់លាក់​ឡើយ ព្រោះ​ដោយសារ​បម្រែបម្រួល​អត្រា​លុយ​ពី​មួយសម័យ​ទៅ​មួយ​សម័យ​កាល​មាន​ភាព​ខុសគ្នា ដោយ​គេ​សន្មត​ថា វា​អាច​ស្ថិត​នៅ​ក្នុង​ចន្លោះ​ខ្ទង់ ៣០០ ទៅ ៤០០ ពាន់​លាន​ដុល្លារ ខណៈ​ចំនួន​ដែល​គេ​ឧស្សាហ៍​និយាយ​គឺ ៣៤០ ពាន់​លាន​ដុល្លារ។

ក្នុង​រយៈ​ពេល​ជាង ៨០ ឆ្នាំ​មក​នេះ គឺ​មិនធ្លាប់​មាន​បុគ្គល​ណា​ម្នាក់​អាច​តាមទាន់​កំណត់ត្រា​របស់​លោក John D. Rockefeller ឡើយ ដោយ​មាន​មនុស្ស​ម្នាក់​ Andrew Carnegie អ្នកជំនួញ​ផ្នែក​ដែកថែប​ តែ​កាល​នោះ​លោក​មាន​ទ្រព្យ​ត្រឹម ៣១០ ពាន់​លាន​ដុល្លារ​មិន​សូម្បី​កៀក​នឹង​ទំហំ​ដ៏​មហិមា​របស់​ស្ដេចប្រេងឆៅ​ Rockefeller។

តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​កាលពី​ថ្ងៃទី ០៤ វិច្ឆិកា​កន្លង​ទៅ​នោះ Elon Musk បាន​ធ្វើ​ឲ្យ​ពិភពលោក​ចំហ​មាត់​ភ្ញាក់ផ្អើល​គ្រប់គ្នា ដោយសារ​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​លោក​បាន​ហក់​ឡើង​តាម​ទាន់​កំណត់ត្រា​អាយុកាល ៨០ ឆ្នាំ គឺ ៣៤០ ពាន់​លាន​ដុល្លារ​ដែល​វា​គឺ​ជា​ការ​កើតឡើង​ដំបូង​បង្អស់​មិន​ធ្លាប់​មាន​ក្នុង​រយៈកាល​ជិត​មួយ​សតវត្ស​មក​នេះ៕

ប្រភព: celebritynetworth

Elon Musk បំបែក​កំណត់ត្រា​ជិតមួយសតវត្ស​ ងារ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​
284 Shares