អាមេរិក ហាមឃាត់ការនាំចូលស្រោមដៃពេទ្យ ពីប្រទេសម៉ាឡេស៊ី

អន្តរជាតិ
130 Shares

អាជ្ញាធរគយរបស់សហរដ្ឋអាមេរិក បានធ្វើការហាមឃាត់ ចំពោះការនាំចូលទំនិញ ពីក្រុមហ៊ុនផលិតស្រោមដៃពេទ្យ Smart Glove របស់ប្រទេសម៉ាឡេស៊ី ក្រោយរកឃើញពួកគេបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខិតបង្ខំ  ដែលមានន័យថា ពួកគេបានក្លាយជាក្រុមហ៊ុនម៉ាឡេស៊ីទី ៥ ហើយ ប្រឈមមុខជាមួយនឹងការហាមឃាត់បែបនេះ ក្នុងរយ:ពេល ១៥ ខែចុងក្រោយ ។

មន្ត្រីពន្ធគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិក ហៅកាត់ (CBP) បាននិយាយនៅលើសេចក្តីថ្លែងការថា៖ ស្ថាប័នរបស់ខ្លួន បានចេញដីការ ក្នុងការហាមឃាត់ ការនាំចូលទំនិញពីក្រុមហ៊ុន Smart Glove និងរួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេផ្សេងទៀត នៅក្នុងសេចក្តីសម្រេចមួយ ដោយផ្អែកទៅលើភស្តុតាងសមហេតុផល ដែលបង្ហាញថា ” កន្លែងផលិតរបស់ក្រុមហ៊ុន Smart Glove គឺបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខិតបង្ខំ ” ។

ប៉ុន្តែក្រុមហ៊ុន Smart Glove ដែលផលិតស្រោមដៃប្រើក្នុងឧស្សាហកម្មវេជ្ជសាស្ត្រ និងអាហារ មិនបានឆ្លើយតបភ្លាមៗ ចំពោះការចោទប្រកាន់ទាំងនេះនៅឡើយទេ ។

យ៉ាងណា រោងចក្ររបស់ម៉ាឡេស៊ី ដែលផលិតអ្វីៗស្ទើតែគ្រប់បែបយ៉ាង រាប់តាំងពីដូងប្រេង រហូតដល់ស្រោមដៃពេទ្យ និងសមាសធាតុផ្សំទូរសព្ទ iPone របស់ក្រុមហ៊ុន Apple ផងនោះ បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីមានការចោទប្រកាន់ពីក្រុមការពារសិទ្ធមនុស្ស និងកម្មករបរទេស អំពីការរំលោភបំពានទៅលើកម្លាំងពលកម្ម ។

មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន CBP បាននិយាយទៀតថា ការស៊ើបអង្កេតរបស់ខ្លួន បានកំណត់ថាមានកម្មករចំនួន ៧ ក្នុងចំណោម ១១ ដែលត្រូវបង្ខំឲ្យធ្វើការងារហួសកម្លាំង នៅ Smart Glove ដែលនេះជាទិន្នន័យទទួលបាន ដោយអង្គការពលកម្មអន្តរជាតិ (ILO) ។

ទិន្នន័យរបស់អង្គការ ILO បានបង្ហាញទៀតថា ក្នុងចំណោមកម្មករទាំងនោះ​ ត្រូវបានរកឃើញថា បានធ្វើការលើសម៉ោង ធ្វើការជាមួយចំណងបំណុល ការប្រើអំពើហឹង្សាលើផ្លូវកាយ និងផ្លូវភេទ រួមទាំងការរំលោភបំពានលើការងារ និងការរស់នៅផងដែរ ។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក ក៏បានហាមឃាត់ការនាំចូលទំនិញពីក្រុមហ៊ុនផលិតស្រោមដៃពេទ្យរបស់ម៉ាឡេស៊ីមួយផ្សេង គឺ Supermax Corp ជុំវិញការចោទប្រកាន់ស្រដៀងគ្នាកាលពីខែមុន ៕

ប្រភព: CNA

អាមេរិក ហាមឃាត់ការនាំចូលស្រោមដៃពេទ្យ ពីប្រទេសម៉ាឡេស៊ី
130 Shares