មហាសេដ្ឋី Elon Musk គ្រោងលក់ភាគហ៊ុន ១០% នៃក្រុមហ៊ុន Tesla បន្ទាប់ពីលោក Joe Biden ដាក់ជូនសំណើរទៅកាន់សភាសហរដ្ឋអាមេរិក

អន្តរជាតិ

ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla Inc លោក Elon Musk បានសួរទៅកាន់អ្នកតាមដាន (Followers) ប្រមាណ ៦២,៥ លាននាក់ នៅលើបណ្តាញសង្គម Twitter ដើម្បីធ្វើការស្ទង់មតិថាតើ លោកគួរតែលក់ភាគហ៊ុន Tesla ចំនួន ១០% របស់ខ្លួនដែរឬទេ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បានសរសេរនៅលើ Tweet កាលពីថ្ងៃសៅរ៍ថា ៖ ” មានរឿងជាច្រើនបានកើតឡើងក្នុងពេលថ្មីៗនេះ ជាពិសេសជាមួយនឹងការកើនឡើងទៅលើថ្លៃបង់ពន្ធ ខ្ញុំគ្មានមធ្យោបាយផ្សេងដើម្បីធ្វើវាទេ ដូច្នេះខ្ញុំមានតែស្នើសុំលក់ ១០%  នៃភាគហ៊ុន Tesla របស់ខ្ញុំ តើអ្នកទាំងអស់គ្នាគាំទ្ររឿងនេះទេ?” ។

លោក Musk ក៏បានសរសេរលើនៅលើ Twitter ទៀតថា លោកនឹងគោរពតាមលទ្ធផល នៃការបោះឆ្នោតនេះ បើទោះបីវាកើតឡើងតាមរបៀបណាក៏ដោយ ។

យ៉ាងណាការលើកឡើងបែបនេះ គឺបានកើតឡើងបន្ទាប់ពីមានការដាក់ជូនសំណើរទៅកាន់សភាសហរដ្ឋអាមេរិក ពីសំណាក់ប្រធានាធិបតី លោក Joe Biden ជុំវិញការដំឡើងពន្ធទៅលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ដើម្បីជួយដល់ការចំណាយរបស់សង្គម និងការប្រែប្រួលអាកាសធាតុ ។

សូមបញ្ជាក់ផងដែរថា លោក Musk គឺជាមហាសេដ្ឋីមានបំផុតមួយ នៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនដែលផ្តោតលើវិស័យអនាគតជាច្រើន រួមទាំង SpacesX និង Leuralink ជាដើម។ កាលពីមុនលោកក៏ធ្លាប់បានធ្វើការរិះគន់ចំៗ ទៅលើការប្រមូលពន្ធបន្ថែមពីមហាសេដ្ឋីដូចជារូបគាត់ នៅលើគណនី Twitter របស់ខ្លួនផងដែរ ។

បន្ថែមពីនេះ លោក Musk បាននិយាយនៅលើ Twitter ថា ៖ ” ចំណាំ ខ្ញុំមិនយកប្រាក់ខែ ឬប្រាក់រង្វាន់ ពីកន្លែងណានោះទេ។ ពោលគឺខ្ញុំមានតែភាគហ៊ុនប៉ុណ្ណោះ ដូច្នេះមធ្យោបាយតែមួយគត់សម្រាប់ខ្ញុំ ក្នុងការបង់ពន្ធផ្ទាល់ខ្លួនទៅឲ្យរដ្ឋាភិបាល គឺជាការលក់ភាគហ៊ុននេះហើយ ” ។

ដោយឡែកគិតត្រឹម ថ្ងៃអាទិត្យ ការស្ទង់មតិរយៈពេល ២៤ ម៉ោង មាន ៥៦% ហើយដែលបានយល់ស្រប ក្នុងចំណោមសម្លេងឆ្នោតសរុបជាង ២ លាននាក់ ៕

ប្រភព: Kelo