ឧកញ៉ា ឡេង ណាវ៉ាត្រា ចុះ MOUជា​មួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បង្ហាត់​ជំនាញ​ភាសា​កូរ៉េ ដោយ​ឥតគិតថ្លៃ ដល់​អ្នក​​ដែល​មាន​ចំណង​ចង់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

បង​ប្អូន​​ដែល​មាន​​​បំណង​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ទទួល​​ព័ត៌មាន​​ត្រឹម​ត្រូវ​ច្បាស់​លាស់​​មិន​​ចាញ់​បោក​ប្រាស់​គេ ពេល​នេះ​កាន់​តែ​​ងាយ​ស្រួល​ហើយ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មាន​ប្រវត្តិ​ជា​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ស្រាប់ បាន​ចុះ​អនុស្សរណៈ​​យោគយល់​គ្នា ជា​មួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ ក្នុង​គោល​បំណង​បង្ហាត់​ជំនាញ​ភាសា​កូរ៉េ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​អ្នក​​ដែល​មាន​ចំណង​ចង់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ពិធី​ចុះ​អនុស្សរណៈ​​យោគយល់​គ្នា រវាង​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​មួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ ក្រោម​វត្ត​មាន​អ្នក​សារព័ត៌មាន សិស្ស​និស្សិត​​ជា​ច្រើន​នាក់។ គោល​បំណង​នៃ​ការ​បង្កើត​ថ្នាក់​រៀន​ជំនាញ​​ខ្លី​ដោយ​មិន​គិត​ប្រាក់​នេះ គឺ​ក្នុង​គោល​បំណង​សម្រាប់​តែ បង​ប្អូន​​ឬ សិស្ស​និស្សិត​ដែល​​មាន​ចំណង ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ ។

ឯកឧត្ដម​ តឹប អឿន នាយក​​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​ទៅ​លើ ជំនាញ​ភាសា​បរទេស វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បាន​សម្រេច​បើក​ថ្នាក់​រៀន ជំនាញ​ភាសា​កូរ៉េ​១​មុខ​បន្ថែម​ទៀត សម្រាប់ បង​ប្អូន​សិស្ស​និស្សិត​ដែល​មាន​បំណង​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ក្នុង​​នោះ ការ​បើក​ថ្នាក់​រៀន​​នេះ ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន​បុរី​ឡេង​ណាវ៉ាត្រា។

លោក នាយក​វិទ្យាស្ថាន​ខាង​លើ បាន​បន្ថែម​ឲ្យ​ដឹង​ថា តាមរយៈកិច្ចព្រមព្រៀងនេះ សិស្ស-និស្សិត នឹងទទួលបាននូវចំណេះដឹងផ្នែកភាសាកូរ៉េ បានយ៉ាងងាយស្រួល ព្រោះការសិក្សា មិនតម្រូវឲ្យបង់​ប្រាក់ឡើយ ។ កន្លងមកលោកឧកញ៉ា តែងតែចូលរួមសហការ និងជួយដល់វិទ្យាស្ថាន ជាច្រើនលើកមកហើយ ក្នុង​​នោះ​ដែរ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិល្បៈ​នៅ វិទ្យាស្ថាន​មួយ​នេះ ក៏​កំពុងតែ​បម្រើ​ការងារ​​នៅ ក្រុមហ៊ុន​លោក​ឧកញ៉ា​ជា​ច្រើន​នាក់ ក្នុង​​តំណែង​ធំៗ​ផង​ដែរ។

ក្រៅ​ពីផ្ដល់ឱកាសសិក្សា ដោយមិនគិតថ្លៃរួចមក និស្សិតនឹង​មានឱកាសច្រើន​ក្នុង​ការ​​​ទៅ​បំពេញ​ការងារ នៅក្នុងប្រទេសកូរ៉េ ពេលសិក្សាចប់ ក្រោមកិច្ចសហការ ជាមួយក្រសួងការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងយុវនិតិសម្បទា ក្រោមការជួយជ្រោមជ្រែងបន្ថែម ពីក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា។

ជា​មួយ​គ្នា​នោះ លោកនាយកសាលា ក៏បានថ្លែងអំណរគុណលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​កន្លងមកតែងតែជួយជ្រោមជ្រែង ស្ទើរគ្រប់សកម្មភាព ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ដែលធ្វើឲ្យវិទ្យាស្ថានមួយនេះ មានឈ្មោះល្បីរន្ទឺ ដល់សាធារណៈជន។

ដោយ​ឡែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានថ្លែងថា គោល​បំណងដែលលោកបង្កើតថ្នាក់សិក្សា ភាសាកូរ៉េដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់​សនិស្សិត ដែលមានបំណងចង់ទៅបំពេញការងា នៅក្នុងប្រទេសកូរ៉េ បានរៀនភាសាកូរ៉េឲ្យ​ស្ទាត់​ជំនាញ ប្រឡងទៅធ្វើការងារឆាប់ជាប់ និងផ្ដល់ជូននូវព័ត៌មានជាក់លាក់ ច្បាស់លាស់ មុននឹង​ចេញ​ទៅ​បំពេញ​ការងារនៅក្រៅប្រទេស ជៀសវាងចាញ់បោកជនខិលខួច និងក្រុមហ៊ុនមួយចំនួន ដែល​មិនមាន​ប្រភពច្បាស់លាស់។

លោកឧកញ៉ាបន្តថា ការសិក្សានេះ គឺមិនមានផលប៉ះពាល់ ដល់ការសិក្សាជំនាញរបស់និស្សិត ឬ​ការ​ធ្វើការងារណាមួយរបស់ប្អូនៗ និស្សិតឡើយ ពោលគឺយើងសិក្សានៅចន្លោះម៉ោងណាមួយ ដែល​ទំនេរ ហើយក៏ជំរុញឲ្យនិស្សិត ធ្វើការអនុវត្តជាក់ស្ដែង ពោលគឺធ្វើការងារបណ្ដើរ និងសិក្សាបណ្ដើរ ដើម្បីបានចំណូលផ្គត់ផ្គង់ ការសិក្សារបស់ខ្លួន មុននឹងសម្រេចចិត្ត ទៅធ្វើការនៅប្រទេសកូរ៉េ។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គឺគ្មានអ្វីក្រៅតែចង់ឃើញនិស្សិតរបស់យើង ​មានជីវភាពល្អប្រសើរ នៅថ្ងៃអនាគត ជៀសវាងពេលបញ្ចប់ការ​សិក្សា រយៈពេល៣ទៅ​៤ឆ្នាំហើយ​នោះ ស្រាប់តែគ្មានការងារធ្វើ ជាហេតុនាំឲ្យខាតបង់ទាំងថវិកា និងពេលវេលារបស់ខ្លួន ហើយ​ការចេញ​ទៅបំពេញការងារនៅកូរ៉េ ក៏ជាឱកាសសន្សំទុនទុកឲ្យបានច្រើន ដើម្បីបើកអាជីវកម្ម ឬមុខជំនួញអ្វីមួយ ពេលត្រឡប់មកប្រទេសរបស់ខ្លួនវិញផងដែរ។

សូមបញ្ជាក់ថា វគ្គសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃដំបូង នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ គឺ​មាន​រយៈពេល២ឆ្នាំ ហើយធ្វើការជ្រើសរើសនិស្សិតឲ្យចូលសិក្សា ​១​វគ្គ​ចំនួន២០០នាក់ ដោយ​ត្រូវ​រៀន ចន្លោះ​៣ទៅ​៦​ខែ ម៉ោង​សិក្សា​អាច​ធ្វើ​ចន្លោះ ម៉ោង​១២​ថ្ងៃ​ត្រង់ ទៅ ម៉ោង​៥ ល្ងាច។ ទទួល​ពាក្យ​ចូល​រៀន ចាប់​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩​នេះ តទៅ ហើយ​ថ្នាក់​បន្ទាប់​នឹង​បន្ត​ទទួលនិស្សិតបន្ថែមទៀត ប្រសិន​បើមាន​តម្រូវ​ការ​ច្រើន​ជាងនេះ៕