កម្មវិធីសុវត្ថិភាព McAfee ដ៏ល្បីរបស់អាមេរិក ប្រកាសលក់ក្នុងតម្លៃជាង ១៤ ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនកម្មវិធីសុវត្ថិភាព McAfee របស់សហរដ្ឋអេមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនខ្លួននឹងត្រូវលក់ទៅឲ្យវិនិយោគិនមួយក្រុម ក្នុងតម្លៃជាង ១៤ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ព័ន្ធក្រុមហ៊ុន ដែលដឹកនាំដោយសាជីវកម្ម Advent International និង Permira Advisers នឹងចំណាយប្រាក់ប្រហែល ១២ ពាន់លានដុល្លារ ដើម្បីទទួលបានភាគហ៊ុនសរុបទាំងអស់របស់ McAfee ហើយការចំណាយអាចនឹងកើនឡើងដល់ ១៤ ពាន់លានដុល្លារ នៅពេលដែលបំណុលរបស់ក្រុមហ៊ុន ត្រូវបានបូកបន្ថែម ។

McAfee ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៧ ដោយលោក Jonh McAfee ហើយត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាក្រុមហ៊ុន បង្កើតកម្មវិធីកំចាត់មេរោគនៅក្នុងកុំព្យូទ័រ ។ ទោះជាយ៉ាងណា លោក McAfee ដែលជាស្ថាបនិក បានចាកចេញពីក្រុមហ៊ុននេះវិញ នៅក្នុងឆ្នាំ ១៩៩៤ ហើយបន្ទាប់មកត្រូវបានទិញដោយ Intel ក្នុងឆ្នាំ ២០១០ ជាមួយតម្លៃប្រមាណ ៧,៦៨ ពាន់លានដុល្លារ។

ប៉ុន្តែនៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Intel បានប្រកាសថា ខ្លួននឹងប្តូរឈ្មោះកម្មវិធីសុវត្ថិភាព McAfee ទៅជា Intel Security ជំនួសវិញ ។

យ៉ាងណា ក្រុមហ៊ុន Intel ក្នុងឆ្នាំ ២០១៦ បានបង្វែរ McAfee ចេញពីអាជីវកម្មស្នូលរបស់ខ្លួនវិញ  ប៉ុន្តែនៅតែរក្សាចំណែកភាគហ៊ុនដ៏ធំមួយ និងបានប្រគល់ការគ្រប់គ្រងទៅឱ្យក្រុមហ៊ុនវិនិយោគ TPG Capital ជំនួស ។

បន្ទាប់មក TPG បានប្តូរឈ្មោះកម្មវិធីនេះ ទៅឈ្មោះដើម McAfee វិញ និងបាននាំយកក្រុមហ៊ុននេះ ចូលទៅក្នុងទីផ្សារហ៊ុនសារធារណ:វិញផងដែរ កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ  ជាមួយនឹងការទាញយកអត្ថប្រយោជន៍ ពីសេវាការពារសន្តិសុខតាមអ៊ីនធឺណិត ។

ពេលថ្មីនេះ McAfee បានប្រកាសថាខ្លួននឹងលក់ភាគហ៊ុនសរុបទាំងអស់ ឲ្យទៅក្រុមវិនិយោគិនមួយ ដែលមានរួមបញ្ចូលទាំងក្រុមហ៊ុន Crosspoint Capital Partners , ក្រុមហ៊ុន CPP Investments របស់កាណាដា , ក្រុមហ៊ុន GIC របស់សិង្ហបុរី និងក្រុមហ៊ុន Abu Dhabi Investment Authority ផងដែរ ៕

ប្រភព: Bangkok Post