អ្នកឧកញ៉ា គិត ម៉េង៖ ច្បាប់វិនិយោគថ្មីនេះ កម្ពុជានឹងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា

ជុំវិញ​ឧកញ៉ា
368 Shares

ច្បាប់វិនិយោគថ្មី​ត្រូវបាន​ប្រកាសដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការហើយ​។ នៅថ្ងៃពុធនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនេះ ជូនថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ខណៈកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានបើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ពីខ្លឹមសារ​ច្បាប់ថ្មីនេះ​ដល់ស្ថាន​តំណាងកម្ពុជា​នៅក្រៅ​ប្រទេស​ ដើម្បី​ធ្វើជា​ទុនក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​មករកស៊ី​បន្ថែមទៀត​នៅកម្ពុជា​។ ​

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការអនុម័តដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ពិតជាមានសារៈសំខាន់ និងចំពេលដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះ នឹងចូលរួមចំណែក ក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍ បានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននាពេលថ្មីៗនេះ។ 

ជាមួយគ្នានេះអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្ដល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជន ដាក់បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគថ្មីនេះ។ 

បើតាមអ្នកឧកញ៉ា ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះ នឹងពិតជាបង្កើតបាននូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផលដល់ការវិនិយោគ។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុង ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ ស្តីពីវិនិយោគថ្មីនេះមកកាន់វិស័យឯកជន។

បន្ថែមលើនេះ លោក សុខ ចិន្តាសោភា ​រដ្ឋមន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្រ្តី ​និងជា​អគ្គលេខា​ធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានលើកឡើងថា​ ច្បាប់វិនិយោគ​ថ្មីនេះផ្តល់​នូវការលើក​ទឹកចិត្តច្រើន​ដល់អ្នក​វិនិយោគ​។ ​ប៉ុន្តែ​ជាមួយគ្នានេះ ​លោកក៏អះអាង​ថា ច្បាប់វិនិយោគ​ថ្មីក៏ជួយ​កាត់បន្ថយបញ្ហា​កិបកេង​លើតុក្រោម​តុរវាង​មន្រ្តីពាកព័ន្ធ​ និងអ្នក​វិនិយោគផងដែរ​៕

អ្នកឧកញ៉ា គិត ម៉េង៖ ច្បាប់វិនិយោគថ្មីនេះ កម្ពុជានឹងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា
368 Shares