ម៉ាឡេស៊ី​កំណត់ថ្ងៃ​ បើក​ទទួល​ភ្ញៀវ​ទេសចរអន្តរជាតិ​ឡើងវិញ ​

អន្តរជាតិ
20 Shares

កាលពី​ពេល​ថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​ថា នឹង​បើក​ច្រក​ព្រំដែន​សម្រាប់​ត្រៀម​ស្វាគមន៍​ក្រុម​ទេសចរណ៍​អន្តរជាតិ​យូរ​បំផុត​នៅ​ថ្ងៃទី ១ មករា ២០២២ ដើម្បី​ស្រោចស្រង់​ស្ថានការណ៍​វិស័យ​ទេសចរណ៍​របស់​ពួកគេ។​

ជាក់ស្ដែង ប្រទេស​ជិតខាង​ផ្សេងៗ​បាន​ប្រកាស​បើក​ច្រកព្រំដែន និង​បន្ធូរបន្ថយ​ច្បាប់​ចត្តាឡឺស័ក​នានា​ ដើម្បី​ពង្រឹង​ស្ថានការណ៍​សេដ្ឋកិច្ច​ជាតិ​រៀងៗខ្លួន ហើយ​វា​គួរតែ​ដល់​ពេល​ដែល​ម៉ាឡេស៊ី​ចាប់ផ្ដើម​បើក​ប្រទេស​ដូចគ្នា ដ្បិត​ប្រជាជន​ប្រមាណ ៣២ លាន​នាក់​សុទ្ធតែ​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​រួចរាល់។

អតីត​នាយក​រដ្ឋមន្ត្រី Muhyiddin Yassin បច្ចុប្បន្ន​កំពុង​ដឹកនាំ​អង្គប្រជុំ​សម្រាប់​ផែនការ​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​បាន​អះអាង​ទៅ​កាន់​សារព័ត៌មាន​ថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជាតិ​គឺ​មាន​សភាព​យឺតខ្លាំង ប្រសិនបើ​មិនមាន​កត្តា​ជំរុញ​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ។

ប្រភពដដែល​បន្ថែមថា បើ​ទោះ​ជា​ប្រកាស​បើក​ច្រក​ព្រំដែន​ក៏​ពិតមែន តែ​ម៉ាឡេស៊ី​នៅ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចត្តាឡឺស័ក​ដដែល ដោយ​រឹត​បន្តឹង​តាំងពី​ការ​ឆ្លងដែន ដល់​ការ​ធ្វើដំណើរ​ក្នុង​ស្រុក។

យ៉ាងណា សម្រាប់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​មិនទាន់​ប្រកាស​នៅឡើយ ដ្បិត​ត្រូវរង់ចាំ​ការ​សម្រេច​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​ការពារ​សន្តិសុខ​ផ្សេងៗ​ជាមុនសិន។

បញ្ជាក់​ដែរថា ថ្មីៗនេះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ពី​គម្រោង​សហការ​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី​ សម្រាប់​ការ​ធ្វើដំណើរ​រវាង​ប្រទេស​ទាំង ២ នេះ​ដោយមិន​ចាំបាច់​តម្រូវ​ឲ្យ​មានការ​ធ្វើ​ចត្តាឡឺស័ក។ មានន័យ​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង ២ នេះ គឺអាច​ធ្វើដំណើរ​ឆ្លង​ដែន​បាន​ដូច​ធម្មតា ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី​ក៏​បាន​ព្រមព្រៀង​ធ្វើ​សេចក្ដី​អនុគ្រោះ​បែបនេះ​ដូចគ្នា៕

ប្រភព: bangkokpost

ម៉ាឡេស៊ី​កំណត់ថ្ងៃ​ បើក​ទទួល​ភ្ញៀវ​ទេសចរអន្តរជាតិ​ឡើងវិញ ​
20 Shares