Khaosan តំបន់​ដាច់​យប់​នៅ​ថៃ​ ​ស្រដៀង Pub Street នៅ​សៀមរាប ​ធ្លាប់​តែ​អ៊ូអរ​ ប្រែ​ជា​ស្ងាត់​ជ្រងំ​

អន្តរជាតិ
130 Shares

​រដ្ឋាភិបាល​ប្រទេស​ថៃ​បាន​ប្រកាស​បើក​ប្រទេស​ជា​ផ្លូវការ ដែល​នេះ​មានន័យថា នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​អន្តរជាតិ​ចូលរួម​កម្សាន្ត​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​នេះ​វិញ​បាន​ផង​ដែរ។

យ៉ាងណា​ បើទោះជា​ប្រកាស​បើក​ប្រទេស​ហើយ​ក្ដី តែ​អាជីវករ​នៅ​តំបន់ Khaosan នៅ​តែ​បង្ហាញ​ក្ដី​បារម្ភ​ទាក់ទង​នឹង​ជំនួញ​របស់​ពួកគេ​ដដែល​ ដ្បិត​មក​ទល់​ពេលនេះ​តំបន់​ដែល​ធ្លាប់​អ៊ូអរ​មួយ​នេះ ប្រែ​មក​ជា​ស្ងាត់ជ្រងំ​ស្ទើរ​គ្មាន​ភ្ញៀវ​ទេសចរ។​

ផ្លូវ Khaosan ដែល​ជាទូទៅ​គឺ​មាន​គេ​ស្គាល់​ថា​ជា​តំបន់​កម្សាន្ត មានលក្ខណៈ​ស្រដៀង Pub Street នៅ​សៀមរាប ពោល​គឺ​ពោរពេញ​ដោយ​កន្លែង​ញាំ​អាហារ​ធូរថ្លៃ កន្លែង​ទិញ​ទំនិញ​ និង​សណ្ឋាគារ ជាពិសេស​គឺជីវិត​ពេល​រាត្រី​ដ៏​អ៊ូអរ រហូត​ដល់​គេ​ដាក់​រហស្សនាម​ថា ជា​កន្លែង​ដាច់យប់​ល្អ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

“​វា​ដូចជា​ទី​រហោស្ថាន​អញ្ចឹង​នា​ពេល​នេះ។ វា​ធ្លាប់​តែ​ជា​កន្លែង​អ៊ូអរ​មួយ​ប្រជុំ​ដោយ​ភ្ញៀវ​ទេសចរណ៍​ ហើយ​នៅ​ពេលយប់​មនុស្សម្នា​ជាច្រើន​នៅ​ដើរ​កម្សាន្ត​ដូច​ពេលថ្ងៃ។ តែ​បច្ចុប្បន្ន​មិនអញ្ចឹងឡើយ”។ នេះ​បើ​តាម​សម្ដី​របស់​អ្នកស្រី Supaporn Promto ជា​អ្នកលក់​អាហារ​តាម​ផ្លូវ​នៅ​តំបន់ Khaosan Road។

បញ្ជាក់​ដែរ​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​វិញ​ក៏​ពិតមែន តែ​សម្រាប់​បារ​កម្សាន្ត និង​គ្រឿង​ស្រវឹង​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​លក់​ដូរ​នៅឡើយ​ទេ ពោល​ត្រូវរង់ចាំ​រហូត​ដល់​ចុងឆ្នាំ​សិន ហើយ​នេះ​ក៏​ទំនង​ជា​ធ្វើ​ឲ្យ​តំបន់ Khaosan Road ដែល​ធ្លាប់​តែ​អ៊ូអរ​ ប្រែ​មក​ជា​ស្ងាត់​ជ្រងំ​បែប​នេះ​ដែរ។

ដោយឡែក ការ​បើក​ប្រទេស​សារ​នេះ ​រដ្ឋាភិបាល​ប្រទេស​ថៃ មាន​ក្ដី​រំពឹង​ថា នឹង​អាច​អូសទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ៧ សែន​នាក់ ហើយ​នៅ​ឆ្នាំ ២០២២ ខាងមុខ ពួកគេ​ក៏​រំពឹង​ទៀតថា ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​នឹង​កើន​ដល់ ១,៥៨ ទ្រីលាន​បាត ឬ ៤៥,៧ ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ៕

ប្រភព: CNA

Khaosan តំបន់​ដាច់​យប់​នៅ​ថៃ​ ​ស្រដៀង Pub Street នៅ​សៀមរាប ​ធ្លាប់​តែ​អ៊ូអរ​ ប្រែ​ជា​ស្ងាត់​ជ្រងំ​
130 Shares