ស្ថានទូត ណែនាំ​ក្រុមហ៊ុន និង​វិនិយោគិន​ជនជាតិ​អាមេរិកាំង​ឱ្យ​ប្រុងប្រយ័ត្ន​​ក្នុងការបណ្តាក់ទុន​លើ​វិស័យ​ប្រកប​ដោយ​​ហានិភ័យ​​ខ្ពស់​ចំនួន​​ ៣ នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈការប្រកាសព័ត៌មានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានណែនាំ​ក្រុមហ៊ុន និង​វិនិយោគិន​ជនជាតិ​អាមេរិកាំង​ឱ្យ​ប្រុងប្រយ័ត្ន​មុននឹង​បណ្តាក់ទុន​វិនិយោគ​​លើ​វិស័យ​ប្រកប​ដោយ​​ហានិភ័យ​​ខ្ពស់​​មួយ​ចំនួន​​នៅ​​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យ​ប្រកបដោយ​ហានិភ័យ​ខ្ពស់នៅ​កម្ពុជា​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក ចាត់ថាមានហានិភ័យនោះរួមមាន វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និង​ហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះដែល ស្ថានទូតក៏បានណែនាំ​ដល់​ក្រុមហ៊ុន និង​វិនិយោគិន​ជនជាតិ​អាមេរិកាំង​ឱ្យ​យល់ដឹង​អំពី​ហានិភ័យ​ផ្នែកកេរ្តិ៍ឈ្មោះ សេដ្ឋកិច្ច និង​ច្បាប់ ដែល​ពួកគេ​អាច​ប្រឈម​នៅពេល​រកស៊ី​ជាមួយ​នឹង​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​ជាប់ពាក់ព័ន្ធ​នឹង​អំពើរំលោភសិទ្ធិមនុស្ស សកម្មភាព​ឧក្រិដ្ឋ ឬ​អំពើពុករលួយ​ជាដើម។

បន្ថែមលើនេះ ស្ថានទូត​ផ្តល់​អនុសាសន៍​ថា ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​ទាំងនេះ ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់ គួរតែ​អនុវត្ត​នូវ​គោលនយោបាយ និង​នីតិវិធី​នៃ​ការពិនិត្យ​ពិច័យ​ផ្ទៀងផ្ទាត់ និង​ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់​មុននឹង​សម្រេច​វិនិយោគ​នៅកម្ពុជា។

តំណាង​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ការ​លើកឡើង​របស់​ស្ថានទូត​អាមេរិក​ជុំវិញ​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រកស៊ី​នៅ​កម្ពុជា​នោះ​ថា ជា​រឿង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​តែងតែ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ការពារ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ។ លោក​លើកឡើង​ទៀត​ថា ជនជាតិ​អាមេរិក​មិន​ចង់​រកស៊ី​នៅ​ស្រុក​ខ្មែរ​ទើប​ចោទ​ប្រកាន់​ថា ការ​វិនិយោគ​នៅ​កម្ពុជា មាន​អំពើពុករលួយ​ឬ​រំលោភសិទ្ធិ​មនុស្ស​បែប​នេះ​។

លោក ផៃ ស៊ីផាន៖ «ខ្ញុំ​ទទួល​ស្គាល់​ថា មិន​អស់​ទេ​អំពើពុករលួយ​ដូច្នេះ​ជា​យន្តការ​ប្រឆាំង​អំពើពុករលួយ​យើង​ដឹង​ថា អ្នករក​វិនិយោគ​នៅ​កម្ពុជា​ប្រព្រឹត្តិ​អំពើ​ពុករលួយ​យើង​ចាប់​ដាក់​ហើយ»