ព្រះមហាក្សត្រកម្ពុជា ស្នើសុំយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោ និងរមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ជុំវិញ​ឧកញ៉ា
584 Shares

ព្រះមហាក្សត្រកម្ពុជា ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃប្រទេសបារាំង ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ​ពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

គួររម្លឹកឡើងវិញថា នាថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចសព្វព្រះរាជហឫទ័យយាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី១០ ដល់ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១ តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោកជំទាវ Audrey Azoulay អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ។

នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៧៥ឆ្នាំ​នៃការបង្កើត​អង្គការ​យូណេស្កូ ព្រះបាទសម្តេច​ព្រះបរមនាថនរោត្តម សីហមុនី ជាមួយនឹងវត្តមាន​របស់​ប្រមុខរដ្ឋ និងរដ្ឋាភិបាលពីប្រទេសចំនួន ២០ ព្រះអង្គបានយាងឡើងថ្លែងព្រះរាជសុន្ទរកថា ដែលនៅក្នុងនោះ ​ព្រះអង្គ​បានសង្កត់ធ្ងន់​លើ​សកម្មភាព របស់​អង្គការ​យូណេស្កូ​នៅប្រទេស​កម្ពុជា។

អង្គការ ​យូណេស្កូ ​ដែលជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកទៅលើការអប់រំ វិទ្យាសាស្រ្ត និង​វប្បធម៌ ត្រូវ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ខណៈដែល កម្ពុជា​បាន​ចូលជាសមាជិក​របស់​យូណេស្កូ នៅ​ថ្ងៃទី ៣​កក្កដា ឆ្នាំ ១៩៥១។

នៅចំពោះមុខ​គណៈប្រតិភូ បរទេស ដែលមាន​តាំង​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល រួមទាំង​មន្រ្តីរដ្ឋាភិបាល មក​ពីប្រទេស​ជាង​៦០ ក្នុងពិភពលោក ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បាន​រំលឹក​ផងដែរ​អំពី​អនុស្សាវរីយ៍ ក្នុងពេល​ព្រះអង្គ​ធ្លាប់ ធ្វើ​ជា​ឯកអគ្គរាជទូត តំណាង​ព្រះរាជាណាចក្រកម្ពុជា នៅអង្គការ​យូណេស្កូ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣៕

ព្រះមហាក្សត្រកម្ពុជា ស្នើសុំយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោ និងរមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក
584 Shares