ឆ្លងកាត់បទពិសោធន៍ជាង ២០ ឆ្នាំ វិស្វករ​ម្នាក់​ច្នៃ​ឡាន​អគ្គិសនីឲ្យប្រជាជនខ្មែរ​បានប្រើប្រាស់

អាជីវកម្ម
54 Shares

រថយន្តប្រើប្រាស់ថាមពលអគ្គិសនីដែល​អាច​​ឲ្យ​បងប្អូនអាជីវកររកសុីលក់ដូរចល័តងាយស្រួល ត្រូវ​បាន​អតីត​​និស្សិត​សិក្សា​ជំនាញអគ្គិសនី​ម្នាក់​ ច្នៃ​ចេញ​រូបរាងក្រោយឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំជាវិស្វករអគ្គិសនី។

លោក គឹម វណ្ណពៅ បានផ្ដល់សម្ភាសន៍​តាមទូរស័ព្ទជាមួយឧកញ៉ាញូសហ៍ថា ក្រោយ​ឆ្លង​កាត់​បទពិសោធន៍ការងារ​ជា​វិស្វករអគ្គិសនី ជាង​ម៉ាស៊ីនត្រជាក់ និងបរិក្ខារទូរទឹកកកតូចធំ បូកជាមួយការសិក្សាស្រាវជ្រាវបន្ថែម ទើប​លោក​ចាប់អារម្មណ៍ទៅលើការ​បង្កើត​ឡានអគ្គីសនីនេះ​។

ដោយ​មើល​ឃើញបងប្អូនអាជីវកររកស៊ីលក់ដូរចល័ត មានការខ្វះខាតផ្នែកបច្ចេកទេសមធ្យោបាយធ្វើដំណើរ អាច​បង្កឲ្យមានបញ្ហាគ្រោះថ្នាក់ដោយសារកត្តាផ្សេងៗ ទើប​លោក​បាន​​ខិតខំស្រាវជ្រាវនិងទាក់ទងទៅក្រុមហ៊ុនដែលផលិតឡានអគ្គិសនីនៅស្រុកក្រៅ ស្នើសុំទិញសម្ភារៈយកមកសិក្សាសាកល្បងដំឡើងដោយខ្លួនឯង ដើម្បីឱ្យដឹងថាដំណើរការទៅរួចឬអត់។

បន្ទាប់ពីដំឡើង ហើយ​សាកល្បងប្រើប្រាស់រយៈពេល 5 ទៅ 6 ខែ ដោយ​បាន​បើក​ធ្វើ​ដំណើរ​ទាំង​នៅទីក្រុងភ្នំពេញ និងទៅ​បណ្តា​ខេត្ត ដើម្បីធ្វើតេស្តសាកល្បងឃើញ​មាន​អ្នកចាប់អារម្មណ៍​បញ្ជាទិញជាបន្តបន្ទាប់។

ជាពលរដ្ឋ​រស់នៅរាជធានីភ្នំពេញ លោក​គឹម វណ្ណពៅ បានចាប់ផ្ដើមសាកល្បងដំឡើងរថយន្តអគ្គីសនីសម្រាប់ប្រើប្រាស់និងលក់កាលពីចុងឆ្នាំ 2020។ រីឯតម្លៃអាស្រ័យទៅតាមម៉ូដទំហំប្រវែងបណ្ដោយទទឹង ជាមួយការរចនាម៉ូតខាងក្នុងខាងក្រៅនិងការរៀបចំប្រព័ន្ធអគ្គិសនីផ្សេងៗ ដែល​តម្លៃចាប់ពី 3500 ដុល្លារឡើង។

ដើម្បីសម្រួលដល់ការរកស៊ីដល់បងប្អូនអាជីវករ លោកក៏មានផ្ដល់ជូនសេវាកម្មបង់រំលស់ដែរ ដោយសហការជាមួយអ្នកដែលផ្ដល់សេវាកម្មបង់រំលស់ ដើម្បីសម្រួលដល់បងប្អូនអាជីវករលក់ដូរចល័តដែលខ្វះខាតថវិកាខ្វះដើមរកស៊ីអាចសិក្សាបង់រំលស់​បានជាមួយភ្នាក់ងារបង់រំលស់បាន​។

គួររំលឹកផងដែរថា រថយន្តប្រើប្រាស់ថាមពលអាគុយនេះជាប្រភេទរថយន្ត ដែលផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនដែលប្រកបរបលក់ដូរភេសជ្ជះ រឺ ម្ហូបអាហារ ចល័ត មានច្រើនម៉ូត ច្រើនពណ៌ ច្រើនទំហំក្នុងការជ្រើសរើស និង កម៉្មង់តំឡើងបានតាម​តម្រូវការ​។ ទ្បានសម្រាប់លក់ម្ហូបនេះដើរដោយប្រព័ន្ធអគ្គសនី អាចសាក​ភ្លើងឬប្រើថាមពលសូទ្បាបាន។ ជិះក្នុងបានក្នុងល្បឿន ៤០គមក្នុង១ម៉ោង។

សម្រាប់បងប្អូនដែលមានបំណងចង់សាកសួរព័ត៍មានបន្ថែម ទាក់ទងនិងឡានអគ្គីសនី អាចធ្វើការទំនាក់ទំនងសាកសួរតាមរយៈលេខទូរស័ព្ទ៖ 071 222 8869 / 087 366 553 ឬទំនាក់ទំនងតាម Page: រថយន្តអគ្គិសនី អ៊ីរ៉ាយ E-Ride។

ឆ្លងកាត់បទពិសោធន៍ជាង ២០ ឆ្នាំ វិស្វករ​ម្នាក់​ច្នៃ​ឡាន​អគ្គិសនីឲ្យប្រជាជនខ្មែរ​បានប្រើប្រាស់
54 Shares