កម្ពុជា ត្រូវការថវិកាប្រមាណ ៤៨ ពាន់លានដុល្លារ ដើម្បីអនុវត្តផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា ស្នើឱ្យភាគីអូស្ត្រាលី ពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្តង់ដាបច្ចេកទេសសាងសង់ផ្លូវនិងស្ពានរបស់ប្រទេសអូស្ត្រាលី(P4i) ដើម្បីឱ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រែប្រួលអាកាសធាតុ និងស្នើឱ្យជួយរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងទឹកកខ្វក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ដូចជាជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់ទូទាំង ប្រទេស ដោយហេតុថាកំណើនប្រជាជន និងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំងដែលធ្វើឱ្យ ទឹកកខ្វក់ត្រូវបានបង្ហូរចេញទៅសមុទ្រដោយផ្ទាល់ ឬគ្មានការចម្រោះមុនបង្ហូរចូលសមុទ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួបទ្វេភាគីរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Pablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le Royal នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ “កម្ពុជាត្រូវការថវិកាប្រមាណ ៤៨ ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ក្នុងរយៈពេល១០ឆ្នាំខាងមុខ”

ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ នូវគម្រោងស្ថាបនាកំពង់ផែនៅស្រុកដងទង់ ខេត្តកោះកុង ដោយប្រើប្រាស់ថវិកាជាតិ កំពង់ផែខេត្តកំពតនិង ខេត្តកែប គម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗពីពីរគន្លងទៅបួនគន្លង ពីកៅស៊ូពីរ ស្រទាប់ស្តើង(DBST)ទៅបេតុងកៅស៊ូ(AC) ដើម្បីឱ្យសមស្របនឹងកំណើនសេដ្ឋកិច្ច និងកំណើនដឹក ជញ្ជូន។

ជាការឆ្លើយតប លោក Pablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា បានធ្វើការកត់សម្គាល់សំណើរទាំងឡាយដែលបានលើកឡើងដោយលោកទេសរដ្ឋមន្ត្រី និងសន្យាឆ្លើយតបប្រកបដោយវិជ្ជមាន។

បន្ថែមពីលើនេះ លោកបានចំណាប់អារម្មណ៍របស់ខ្លួនលើការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា៕