ជប៉ុន ទម្លាក់កញ្ចប់​ថវិកា ៤៩០ពាន់លាន​ដុល្លារ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩

អន្តរជាតិ
118 Shares

រដ្ឋាភិបាលប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែ​វិច្ឆិកា បាន​ប្រកាសប្រើកញ្ចប់​ថវិកា ៤៩០ពាន់លាន​ដុល្លារ ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច ដែល​រង​គ្រោះ​ដោយសារ​វិបត្តិ​កូវីដ-១៩។

បើតាមនាយករដ្ឋមន្រ្តី លោក ហ្វូមីអូ គីស៊ីដា ការប្រកាស​ប្រើកញ្ចប់ថវិកា​ដ៏ច្រើន​នេះ​ដើម្បីជំរុញ កំណើន​សេដ្ឋកិច្ច​ជប៉ុន គឺ​នៅបន្ទាប់​ពី​របាយការណ៍ របស់រដ្ឋាភិបាល កាលពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់ចុះ​ ប្រមាណ ០,៨% នៅ​ត្រីមាស​ទី៣​ឆ្នាំនេះ ពោល​គឺ​ធ្លាក់ចុះ អាក្រក់ខ្លាំង ជាង​ការព្យាករទុក​របស់ទីផ្សារភាគហ៊ុនទៅទៀត។

ចាប់តាំង​ពី​រងគ្រោះ​ដោយសារ​វិបត្តិកូវីដ នៅ​ឆ្នាំ ២០២០ នេះជាលើកទី៣ ដែល​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ប្រើកញ្ចប់ថវិកា​រាប់ពាន់​លាន​ដុល្លារ សម្រាប់​ផ្តល់​សន្ទុះសេដ្ឋកិច្ច ខណៈនៅឆ្នាំដដែល អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស៊្ហីនហ្សូ អាបេ ​បាន​ប្រើកញ្ចប់​ថវិកា​៣៨ទ្រីលានយេន ចំណែក លោក​ យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​ បាន​បញ្ចេញថវិកា ៤០​ទ្រីលាន​យេន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជប៉ុន ក្នុងសម័យកូវីដ។

យោងទៅតាម​ផែនការ រដ្ឋាភិបាល​គ្រោង​នឹង​ផ្តល់​កញ្ចប់លុយដល់​យុវជន​ជប៉ុន អាយុ ១៨ ឆ្នាំចុះក្រោម និង​អ្នកមានជីវភាពខ្វះខាត ក្នុង​ម្នាក់ៗ ជាង ៨០០ដុល្លារ។ វិធានការ​ចែក​លុយ​ដើម្បី​ជំរុញ លទ្ធភាព​ចាយវាយ របស់​ពលរដ្ឋ​ជប៉ុន ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​មុនៗ​ប្រើ​ដែរ ប៉ុន្តែ មិន​សូវ​ផ្តល់​លទ្ធផល​ប៉ុន្មាន​ទេ ព្រោះ ប្រជាជន​ជប៉ុន​ ភាគច្រើន​បាន​យក​ប្រាក់ឧបត្ថម្ភ​របស់រដ្ឋ ទៅដាក់​ក្នុង​ទូសន្សំ​ដែលជាហេតុធ្វើ​ឲ្យ​ការទិញទំនិញប្រើប្រាស់ ដែលជា​កត្តាជំរុញ​សេដ្ឋកិច្ច នៅតែ​មានកម្រិតទាបដដែល។

បន្ថែមលើនេះ រដ្ឋាភិបាលក៏​គ្រោង​នឹង​ដំឡើង​ប្រាក់​បៀរវត្សរ៍​ដល់​បុគ្គលិក​ក្នុង​វិស័យ​អប់រំនិង​សុខាភិបាល និង​ជួយ​ឧបត្ថម្ភ​ក្រុមហ៊ុនធុនតូច និង​មធ្យម និង​វិស័យ​ទេសចរណ៍ក្នុង​ស្រុក ដែលត្រូវរងគ្រោះបាត់បង់ចំណូលដោយសារ​វិបត្តិកូវីដ។

ជាមួយគ្នានេះ សម្រាប់​សេដ្ឋកិច្ចវិទូ ជប៉ុនកញ្ចប់ថវិកា ៤៩០ពាន់លាន​ដុល្លារ សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​ទំនង​ផ្តល់​លទ្ធផល​តិចតួច។ ​ផ្ទុយទៅវិញ វា​នឹងទៅ​បំប៉ោង ធ្វើ​ឲ្យ​ប្រាក់បំណុល​ជាតិ មាន​ចំនួន​កាន់តែ​ច្រើន​ជាងមុន។

សូមជម្រាបថា ប្រទេសជប៉ុន មហាអំណាច​សេដ្ឋកិច្ច​ធំទី​៣​ក្នុង​ពិភពលោក មាន​ប្រាក់បំណុលរដ្ឋ ប្រមាណ ២៥០%​ នៃ​ផលិតផល​ក្នុងស្រុកសរុប។ ខុសពី​បណ្តាប្រទេស​ផ្សេងទៀត រដ្ឋាភិបាល​ជប៉ុនមាន​ប្រជាជន​ជា​ម្ចាស់បំណុល​របស់ខ្លួន ដោយ​មិនពឹងផ្អែក​លើ​ប្រាក់កម្ចី ពី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ IMF ឬ​ប្រទេស​ណាមួយ​នោះទេ៕

ជប៉ុន ទម្លាក់កញ្ចប់​ថវិកា ៤៩០ពាន់លាន​ដុល្លារ  សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩
118 Shares