Honda បង្ហើប​គម្រោង​សាងសង់​រោងចក្រ​​រថយន្ត​អគ្គិសនី​នៅប្រទេស​ក្បែរ​ខាង​កម្ពុជា

អន្តរជាតិ
224 Shares

ក្រុមហ៊ុន​ផលិត​យានយន្ត Honda បាន​ចាប់​យក​ឱកាស​ហើយ​កំពុង​ពិចារណា​គម្រោង​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅ​ទីនោះ។

ក្រុមហ៊ុន​មួយ​នេះ​មាន​បំណង​ចង់​កាត់​បន្ថយ​ការ​នាំចូល​អាគុយ​ពី​ប្រទេស​ជប៉ុន តែ​ក៏​​មិន​បាន​បកស្រាយ​ឲ្យ​បាន​លំអិត​ឡើយ ខណៈ​គ្រាន់តែ​ដឹង​ថា​ការ​ប្រើប្រាស់​អាគុយ​ដែល​នាំចូល​ពី​ជប៉ុន​មក​តំឡើង​នៅ​ប្រទេស​ថៃ គឺ​មាន​ការ​ចំណាយ​ច្រើន​សម្រាប់​ការ​ផលិត​រថយន្ត​នីមួយៗ។

ដោយឡែក​លោក​ Noriyuki Takakura ដែល​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Honda Automobile សាខា​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មាន​គោលបំណង​អភិវឌ្ឍន៍​លើ​ការ​បង្កើត​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​រួមដៃ​ជាមួយ​ក្រុមហ៊ុន​សកលលោក​ផ្សេងៗ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​។

បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​មេ Honda Motor Co មាន​គម្រោង​ចង់​បង្កើន​ការ​លក់​រថយន្ត​ដើរ​ដោយ​កម្លាំង​អគ្គិសនី និង​ប្រេង​ឥន្ធនៈ​ឲ្យ​បាន​កើន​ដល់ ១០០% ត្រឹម​ឆ្នាំ ២០៤០ ស្របពេល​សាខា​នៅ​ថៃ​នឹង​ផ្ដោត​សំខាន់​លើ​ការ​ផលិត​រថយន្ត​ប្រភេទ Hybrid (HEV) និង​រថយន្ត​អគ្គិសនី (BEV) តែ​សម្រាប់​រថយន្ត​ប្រភេទ BEV អាច​នឹង​ត្រូវការ​ពេល​វេលា​ជាង​នេះ​បន្តិច៕

ប្រភព: bangkokpost

Honda បង្ហើប​គម្រោង​សាងសង់​រោងចក្រ​​រថយន្ត​អគ្គិសនី​នៅប្រទេស​ក្បែរ​ខាង​កម្ពុជា
224 Shares