អំឡុងពេលកូវីដរាតត្បាត ពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺបានបំពេញឲ្យគ្នាទៅវិញទៅមក

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ដែលទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយលោក ង្វៀន ហ៊ុយតាំង អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 7 people, people standing and indoor

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។

បន្ថែមទៀតនោះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។

ក្នុងឱកាសនោះផងដែរ លោក ង្វៀន ហ៊ុយតាំង បានសន្យាថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ៕