Samsung សម្រេច​ផ្លូវការ​ទីតាំង​សាងសង់​​រោងចក្រ​ផលិត​ឈីប​ថ្មី​តម្លៃ ១៧ ពាន់​លាន​ដុល្លារ​

អន្តរជាតិ
418 Shares

ក្រុមហ៊ុន Samsung Electronics Co Ltd បាន​ប្រកាស​ជា​ផ្លូវការ​សម្រេច​យក​ទីក្រុង Taylor ជា​កន្លែង​សាងសង់​រោងចក្រ​ផលិត​បន្ទះឈីប​ថ្មី​នៅ​សហរដ្ឋអាមេរិក ​ជា​មួយ​នឹង​តម្លៃ​សាងសង់​ប្រមាណ ១៧ ពាន់​លាន​ដុល្លារ។

រោងចក្រ​មួយ​នេះ​នឹង​អាច​បង្កើត​ឱកាស​ការងារ​ដល់​បុគ្គលិក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ជាង ២ ០០០ កន្លែង ខណៈ​ការ​សាងសង់​នឹង​អាច​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ឆ្នាំក្រោយ ខណៈ​ដំណើរការ​ផលិត​នឹង​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៤។

ក្រៅពី​ផ្ដល់​ឱកាស​ការងារ​បច្ចេកវិទ្យា​ជាង ២ ០០០ កន្លែង គ្រោងការ​យក្ស​មួយ​នេះ​ក៏​នឹង​ផ្ដល់​ឱកាស​ដល់​ការងារ​សំណង់​យ៉ាងតិច​ក៏ ៦ ៥០០ កន្លែង​ដូចគ្នា។ នេះ​បើ​តាម​ការ​អះអាង​ពី​អភិបាល​រដ្ឋ​តិចសាស់ លោក Greg Abbott។

មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​យក​ទីតាំង​នៅ​ទីក្រុង Taylor រដ្ឋ​តិចសាស់ ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ធំ​បំផុត​លើ​លោក​នេះ ធ្លាប់​ពិចារណា​ទីតាំង​ប៉ុន្មាន​កន្លែង​នៅ​តំបន់​ដូចជា Arizona និង New York សម្រាប់​ការ​សាងសង់​រោងចក្រ ដែល​វា​មាន​ទីតាំង​ធំ​ជាង​ទីក្រុង​ Austin រដ្ឋ​តិចសាស់​ដែល​ជា​ទីតាំង​ដំបូង​ Samsung ចង់​ចាប់យក។

ក្រុមហ៊ុន​មានមូលដ្ឋាននៅប្រទេស​កូរ៉េនេះ បាន​ប្រាប់ពី​មូលហេតុ​សម្រេច​ចិត្ត​ជ្រើសយក​រដ្ឋ​តិចសាស់​គឺ​ដោយសារ​នៅ​ទីនោះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្ថិរភាព ការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ចំណុច​សំខាន់​គឺ​នៅ​ជិត​រោងចក្រ​ដែល​ពួកគេ​មាន​ស្រាប់​។

Samsung បាន​ចូល​រួម​ប្រជែង TSMC និង Intel សម្រាប់​ការ​ប្រកួត​ការ​ពង្រីក​វិសាលភាព​ផលិត​បន្ទះឈីប​នៅ​សហរដ្ឋអាមេរិក ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​​ផែនការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​ទីផ្សារ​ជាមួយ​ប្រទេស​ចិន៕

ប្រភព: CNA

Samsung សម្រេច​ផ្លូវការ​ទីតាំង​សាងសង់​​រោងចក្រ​ផលិត​ឈីប​ថ្មី​តម្លៃ ១៧ ពាន់​លាន​ដុល្លារ​
418 Shares